​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជើង​ទម្រ​បាញ់​គ្រាប់​បំពាក់​លើ​ឡានធំ​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជាច្រើន​ហើយ​យន្តហោះ​ចម្បាំង​បំបាំងកាយ​របស់​អាម៉េរិក​បាន​ហោះ​កាត់​ផ្ទៃមេឃ​ភាគ​ខាងជើង​​ហ្វីលីពីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​នៅ​ក្នុង​សមយុទ្ធ​ប្រយុទ្ធ​មួយ ដែល​កត់សម្គាល់​អំពី​ការ​សម្ញែង​កម្លាំង​សព្វាវុធ​ចុងក្រោយ​របស់​អាម៉េរិក​នៅ​ក្នុង​តំបន់​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​​ព្យាយាម​រារាំង​នូវ​អ្វី​ដែល​ខ្លួន​ព្រមាន​ថា​ជា​ភាព​គឃ្លើន​ខ្លាំង​ឡើង​របស់​ចិន​។

​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅឯ​កន្លែង​បាញ់កាំភ្លើង​និង​ទម្លាក់​គ្រាប់បែក​នៅក្នុង​ជ្រលង​ភ្នំ​ដ៏​ស្ងាត់ជ្រងំ​ក្នុង​ទីប្រជុំជន​កា​ប៉ាស (Capas) ភាគ​ខាងជើង​ទីក្រុង​ម៉ានីល​គឺជា​ការបង្ហាញឱ្យឃើញ​នូវ​សមយុទ្ធ​​ត្រៀមប្រយុទ្ធ​រយៈពេល​ពី​រ​សប្តាហ៍ ដែល​រួម​មាន​ការធ្វើជា​វាយលុក​ឡើង​ដីគោក​និង​យុទ្ធសាស្ត្រ​ការពារ​ឆ្នេរ​រួមគ្នា​ដែល​មាន​ទាហាន​ម៉ា​រី​ន​អាម៉េរិក​និង​ហ្វីលីពីន​ជាង ២.៥០០ នាក់​។​

​កាំភ្លើង​ធំ​ចល័ត​បាន​បាញ់​លាន់​ទ្រហឹង​នៅ​ទូទាំង​ជ្រលង​ភ្នំ​និង​កូនភ្នំ​ចេញ​ពី​ទីតាំង​បាញ់កាំភ្លើង​របស់​កង​ម៉ា​រី​ន​អាម៉េរិក​និង​ហ្វីលីពីន ដែល​ទីតាំង​ខ្លះ​ត្រូវបាន​បិទបាំង​ដោយ​តង់​ក្លែងបន្លំ​។​

​ដោយ​ហៅ​ថា Kamandag ដែល​ជា​អក្សរ​កាត់ Tagalog សម្រាប់ “​កិច្ចសហប្រតិបត្តិការ​នៃ​អ្នក​ចម្បាំង​សមុទ្រ​” សមយុទ្ធ​យោធា ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​ដំណាល​​គ្នា​ជាមួយនឹង​សមយុទ្ធ​ប្រយុទ្ធ​រវាង​កង​ម៉ា​រី​ន​អាម៉េរិក​និង​កងកម្លាំង​ជប៉ុន​នៅលើ​កោះ​ហុក​កៃដូ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន ដែល​មាន​ការចូលរួម​ទាហាន​ប្រហែល ៣.០០០ នាក់​ពី​ភាគី​ទាំងពីរ​។​

​ឧត្តមសេនីយ៍ទោ ជេ បា​ហ្គេ​រ៉ូន (Jay Bargeron) នៃ​កង​ម៉ា​រី​នទី​បី​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​និយាយ​ថា​សមយុទ្ធ​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​ការពារ​របស់​សម្ពន្ធភាព​​អាម៉េរិក​ជាមួយ​ហ្វីលីពីន​និង​ជប៉ុន ហើយ​ធានា​ថា “​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​វិបត្តិ​នៅ​ទូទាំង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​”​។​

​វរសេនីយ៍ទោ ឃើ​ត ស្តាល់ (Kurt Stahl) នៃ​កង​ម៉ា​រី​ន​អាម៉េរិក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press ថា “​សមយុទ្ធ​នេះ​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការប្រមូលផ្តុំ​​សមត្ថភាព​និង​បុគ្គលិក​យោធា​របស់​សហរដ្ឋ​អាម៉េរិក​និង​ហ្វីលីពីន ដើម្បី​ពង្រឹង​ការត្រៀមខ្លួន ភាព​ស្ទាត់ជំនាញ និង​ការជឿទុកចិត្ត​រួមគ្នា​របស់​យើង​”៕

​អាម៉េរិក​សម្ញែង​សព្វាវុធ​ខ្លាំង​ក្នុង​សមយុទ្ធ​ប្រយុទ្ធ ឈ្មោះ Kamandag​នៅ​ហ្វីលីពីន​