ដោយៈសុផល / ភ្នំពេញ៖ ចាប់ពីថ្ងៃទី ៩-១២ ខែតុលា ឆ្នាំ២០២២ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមន្ត្រីជំនាញ ចូលរួមវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២២ (Mekong Tourism Forum 2022) នៅទីក្រុង Hoi An សាធារណរដ្ឋសង្គមនិយមវៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធនានា។

ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលាថាៈ ក្នុងកិច្ចប្រជុំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២២ សម្រេចបានលទ្ធផល ដូចខាងក្រោម៖

(១) វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ប្រកបដោយបរិយាប័ន្ន វគ្គ២ (ADB-TIIG2) ដែលអនុវត្តដោយប្រទេសកម្ពុជា វៀតណាម និងឡាវ ក្រោមការគាំទ្ររបស់ ធនាគារអភិវឌ្ឍនអាស៊ី (ADB)។

កិច្ចប្រជុំ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍​ប្រកដោយបរិយាប័ន្នវគ្គ១ ប្រកបដោយជោគជ័យ ដោយក្នុងនោះ កំពង់ផែរទេសចរណ៍កំពត បានសម្រេច ១០០% ។ ថ្មីៗនេះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានចុះពិនិត្យទីតាំង និងផ្តល់អនុសាសន៍ណែនាំបន្ថែម ក្នុងការដាក់ឲ្យដំណើរការ កំពង់ផែទេសចរណ៍នេះ នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។

អង្គប្រជុំ ក៏បានបន្តស្តាប់របាយ​ការណ៍របស់កម្ពុជា ដែលបានអនុវត្តគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ប្រកដោយបរិយាប័ន្នវគ្គ២ (ADB-TIIG2) ដោយផ្តោតសំខាន់លើ កា​អភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធកំពង់ផែកោះទន្សាយ ផ្លូវបណ្តោយ ឆ្នេរកែប និងទីលានចាក់សំរាមខេត្តកែប ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) ក្នុងបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា។

(២) កិច្ចប្រជុំទ្វេភាគីរវាង អង្គភាពទេសចរណ៍មេគង្គ (Destination Mekong) និងក្រសួងទេសចរណ៍កម្ពុជា៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជួបសម្តែងការគួរសមជាមួយលោកស្រី Catherine GERMIER-MAMEL នាយកប្រតិបត្តិ នៃអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ដោយបានពិភាក្សា និងឯកភាពគ្នាលើ កិច្ចសហប្រតិបត្តិការ រួមមាន៖ (ក) ទទួលស្វាគមន៍ការិយាល័យអង្គភាពទេសចរណ៍មេគង្គ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍ និងការពង្រឹងទំនាក់ទំនង ក្នុងទម្រង់ដៃគូររដ្ឋ-ឯកជន (PPP) ។ (ខ) សហការរៀបចំ សន្និបាតគោលដៅទេសចរណ៍មេគង្គ ២០២២ (Destination Mekong Submit 2022) ដែលគ្រោងនឹងរៀបចំដោយ អង្គភាពទេសចរណ៍មេគង្គ អំឡុងខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ការរៀបចំព្រឹត្តិការណ៍​ទេសចរណ៍ម្ហូបអាហារ (Gastronomy) នៅពេលខាងមុខ ។ (គ) គាំទ្រអង្គភាពទេសចរណ៍មេគង្គ ដើម្បីរៀបចំបង្កើត “មជ្ឈមណ្ឌលបទពិសោធន៍មេគង្គ (Mekong Experience Center)” សំដៅប្រមូលផ្តុំនូវអ្នកជំនាញជាន់ខ្ពស់ក្នុងការចែករំលែកការអនុវត្តល្អ និងមានបទពិសោទន៍លើការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍។

(៣) កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥០ (50th GMS TWG)៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់ បានពិភាក្សា និងចែក​រំលែកបទពិសោធន៍ លើប្រធានបទសំខាន់ រួមមាន៖ (ក) បច្ចុប្បន្នភាព ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ តាមបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ និងផែនការ​សកម្មភាព ឆ្ពោះទៅកាន់ផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងនិងក្រោយវិបត្តិ កូវីដ-១៩ ឆ្នាំ២០២០-២០២៥ ។ (ខ) ការបើកទទួលទេសចរអន្តរជាតិឡើងវិញតាម​រយៈច្រកចេញ -ចូលប្រទេស ដោយអនុវត្តតាមវិធានសុវត្ថិភាព និងតម្រូវការផ្សេងៗ តាមប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS) ក្នុងនោះ កម្ពុជាបានលើកឡើង​អំពីកំណើននៃចំនួនភ្លៀវទេសចរផ្ទៃក្នុង មានចំនួនជាង ៩លាននាក់ និងទេសចរអន្តរជាតិ​ប្រមាណ ១,២៥ លាននាក់ ក្នុងរយៈពេល ៩ខែដើម ឆ្នាំ២០២២, កម្មវិធីគាំទ្ររបស់ រាជរដ្ឋាភិបាល ចំពោះអាជីវកម្មទេសចរណ៍ និងកម្លាំងពលកម្ម ក្នុងវិស័យទេសចរណ៍, ការបើកទទួលទេសចរឡើងវិញ, ការផ្តល់ទិដ្ឋាការនៅពេលមកដល់ (VISA ON ARRIVAL) និងសេចក្តីជូនដំណឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តឱ្យ ជនបរទេស ឬវិនិយោគិនស្នាក់នៅកម្ពុជា ចាប់ពី ២ ឆ្នាំ ឡើងទៅ អាចស្នើសុំបណ្ណចូល​ទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល ១ឆ្នាំម្តង ដោយមិនបង់ថ្លៃ។

(៤) កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ បានពិភាក្សាលម្អិតលើដំណើរការ​របស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ រួមមាន (ក) សំណើរបស់ភាគីចិន លើការស្នើសុំប្តូរឈ្មោះ​ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ទៅជាការិយាល័យទេសចរណ៍មេគង្គ ឡានឆាង (LMTO) ដោយក្នុងនោះកម្ពុជា បានបង្ហាញគោលជំហរតាមសម្លេងគាំទ្រភាគច្រើន ។ (ខ) ឯកភាពលើផែនការសកម្មភាព​របស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ និងឆ្នាំ ២០២៣ និង (គ) ការពង្រីកទំនាក់ទំនងទេសចរណ៍ក្នុងតំបន់ និងរបាយការណ៍​បច្ចុប្បន្នភាព ហិរញ្ញវត្ថុរបស់ការិយាល័យ MTCO ៕/V-PC