ដោយ​៖ សុផល​/​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២២​នៅ​សាលប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។

​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​យល់ព្រម សំណើសុំ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការបំពេញបន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់ លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ដាក់ជូន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​នាពេលខាងមុខ​។​

​អង្គប្រជុំ​ក៏បាន​អនុម័ត​កាលបរិច្ឆេទ បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៤ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ៨:០០​នាទី ដោយមាន​របៀបវារៈ ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លើ​ការបំពេញបន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់ លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕​