ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ បានដឹកនាំក្រុមការងារនិងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាដើមចុះជួយសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដើម្បីរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សហព័ន្ធ និងសម្រាប់ដាក់តាំងស្នាដៃចម្លាក់
នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

លោករដ្ឋលេខាធិការ ក៍បានថ្លែងថា ដើមី្បឱ្យវិស័យចម្លាក់ប្រាក់-ស្ពាន់ មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ ផលិតផលមានម៉ាកសញ្ញា និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវឱ្យតួអង្គពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីសមាគមសហព័ន្ធឱ្យបានឆាប់ ព្រោះក្រសួងពាណិជ្ជកម្មបានរៀបចំរួចជាស្រេចនូវម៉ាកសមូហភាព ដោយរងចាំការចុះបញ្ជីសមាគមសហព័ន្ធរួចរាល់ នឹងអាចឱ្យសមាជិកសមាគមសហព័ន្ធបានប្រើប្រាស់នូវម៉ាកសមូហភាពនេះ ដែលនឹងបម្រើផ្តល់ប្រយោជន៍ជូនសមាជិកសមាគមសហព័ន្ធ ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។

នាឱកាសនោះក្រុមការងារក៏បានអញ្ជើញចុះទស្សនកិច្ចការសាងសង់ ទីស្នាក់ការរបស់សមាគមសហព័ន្ធ និងសម្រាប់ដាក់តាំងបង្ហាញស្នាដៃចម្លាក់ ដើម្បីពិនិត្យពីស្ថានភាព និងគ្រោងរៀបចំអញ្ជើញថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោយការសាងសង់រួចរាល់ជាស្ថាពរ៕ N