ដោយៈ សុផល / ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Sandrine Boucher អគ្គនាយិកា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោកស្រី អគ្គនាយិកា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាត ឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក៏ដូចជា ជម្រាបជូន អំពីកិច្ចការងារ ដែលទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កំពុងគាំទ្រ និងអនុវត្ត ដូចមាន គម្រោងលើកកម្ពស់អនាម័យ គម្រោងអភិវឌ្ឍតំបន់ទីក្រុង និងការធ្វើផែនការមេទីក្រុងជាដើម ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាព។ ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះលោកស្រី អគ្គនាយិកា និង សហការី និងបានចែករំលែកព័ត៌មាន អំពីការងារសំខាន់ៗ ដែលក្រសួង បានសម្រេចនាពេលកន្លងមក និងទិសដៅការងារថ្មីៗ ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់ ការរស់នៅ ប្រកបដោយអនាម័យ និងការប្រើប្រាស់ទឹកស្អាត ដែលតម្រូវឱ្យក្រសួង គិតគូរពីវិធីសាស្ត្រ និងរបៀបផ្សេងៗ ក្នុងការដោះស្រាយ លើបញ្ហាផ្នែកទឹកកខ្វក់នេះ និងបានលើកឡើងពី ការចូលរួមរបស់កម្ពុជា ក្នុងការកាត់បន្ថយការបំភាយកាបូន តាមរយៈការលើកកម្ពស់ ការប្រើប្រាស់យានយន្តអគ្គិសនី និងការជំរុញលើកទឹកចិត្ត ឱ្យប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈ ដើម្បីឱ្យស្របទៅតាមទិសដៅកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ រយៈពេលវែង ស្តីពីអព្យាក្រឹតកាបូន ឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូសហការសិក្សាលើគម្រោងអភិវឌ្ឍ ផ្លូវរថភ្លើងល្បឿនលឿន ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះ លើការប្រើប្រាស់យានយន្ត បានផងដែរ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរ អំពីការបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ចូន កាលពីឆ្នាំ២០២១ ក្នុងន័យកសាងសមត្ថភាព ជូនដល់អ្នកជំនាន់ថ្មី និងបានស្នើឱ្យមានការចូលរួម ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងការសិក្សាលទ្ធភាព ផ្ដល់ជូនវគ្គបណ្ដុះបណ្ដាលជំនាញខ្លីៗ ដល់សិស្ស និស្សិត ដែលកំពុងសិក្សាជំនាញ ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។/V