ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោក បោន ប៊ិន ត្រូវបានផ្ទេរពីអនុប្រធានក្រុមការងារ ខេត្តចុះជួយស្រុកមង្គលបូរី និងប្រធានក្រុមការងារខេត្ត ចុះជួយឃុំចំណោម ទៅជាប្រធាន ក្រុមការងារខេត្ត ចុះជួយស្រុកភ្នំស្រុក ។ រីឯលោក ជឹម ប៊ុនអាន ពីអនុប្រធានចុះជួយ ស្រុកមង្គលបូរី និងជាប្រធានចុះជួយឃុំភ្នំតូច ស្រុកមង្គលបូរី ទៅជាអនុប្រធានចុះជួយ ស្រុកភ្នំស្រុក និងសមាជិកដទៃទៀត ។

មន្ត្រីគណៈចាត់តាំងគណបក្ស បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២២ នេះថាៈ ពិធីប្រកាសនេះ ធ្វេីឡេីងក្រោមអធិបតីភាពលោក អ៊ុំ រាត្រី​ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក ខេង ស៊ុម អនុប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងក្រុមការងារ​ខេត្ត ស្រុក សមាជិក-សមាជិកា គណបក្សមូលដ្ឋាន​ឃុំទាំង ៦ ទូទាំងស្រុក​សរុបចំនួន ១៩២ នាក់ បានចូលរួម ។ ពិធីនេះ ក៏មានការប្រកាសក្រុមការងារចុះជួយឃុំទាំងអស់ នៅក្នុងស្រុកនេះ ផងដែរ ។

លោក បោន ប៊ិន ដែលត្រូវបានប្រកាសជាប្រធានក្រុមការងារគណបក្សចុះជួយស្រុក ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ បានប្តេជ្ញាថានឹងខិតខំដឹកនាំ អនុវត្តការងារឱ្យបានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ ។

លោក អ៊ុំ រាត្រី បានផ្តាំផ្ញើឱ្យប្រធាន អនុប្រធាន និងសមាជិក នៃក្រុមការងារដែលទទួល ភារកិច្ច ចុះមូលដ្ឋានថ្មី និងមន្ត្រីបក្សមូលដ្ឋាន ខិតខំបំពេញការងារបក្ស អភិវឌ្ឍន៍ និងបម្រើពលរដ្ឋ ឱ្យបានល្អ ពិសេស ដណ្តើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នាឆ្នាំ២០២៣​ ខាងមុខ​ ៕/V