ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សា ការងារ ជាមួយលោក Andreas Vyras អភិបាលក្រុង Larnaka នៃសាធារណរដ្ឋស៊ីប ជាមួយនឹងការចុះហត្ថលេខាលើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ក្នុងគោលបំណង ដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រជាជន នៃទីក្រុងទាំងពីរ ។

ការជួបពិភាក្សាការងារ និងចុះហត្ថលេខាលើ លិខិតបញ្ជាក់សុឆន្ទៈ រវាងទីក្រុងទាំងពីរ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីការកកើតរាជធានីភ្នំពេញ ដែលមាន អាយុកាលជាង ៥ សតវត្សរ៍ ពិសេសលើកពីសម័យ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ ។ ប៉ុន្តែនៅឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេស ជាតិចេញពីរបបនេះ និងធ្វើឱ្យកម្ពុជា ពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ។ ស្របជាមួយនឹងការអភិវឌ្ឍន៍នេះ លោក ឃួង ស្រេង ក៏បានលើកឡើង ពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការកកស្ទះចរាចរណ៍ ការដោះស្រាយបញ្ហាលំនៅដ្ឋានមិនរៀបរយ និងបញ្ហាកាេទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម បញ្ហាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយយ៉ាងសកម្ម ផងដែរ។ យើងបានកសាងមន្ទីរពេទ្យ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងព្យាបាលជំងឺផ្សេងៗទៀត ដ៏ធំមួយ នៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តទៀតថាៈ សម្រាប់រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងជាច្រើន នៅលើពិភពលោក ហើយថ្ងៃនេះ រាជធានីភ្នំពេញ ក៏មានកិត្តិយស ដែលបានចុះហត្ថលេខា លើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប។

លោក ឃួង ស្រេង បានបញ្ជាក់ថាៈ លោកមានបំណងចង់ឱ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងវៃឆ្លាត នៅពេលដ៏ខ្លីខាងមុខនេះ។

លោក Andreas Vyras អភិបាលក្រុង Larnaka ក្នុងឱកាសនោះ បានមាន ប្រសាសន៍លើកឡើង ពីភាពរីកចំរើនលើគ្រប់វិស័យ របស់រាជធានីភ្នំពេញ ដែលលោក នឹកស្មានមិនដល់ ហើយអ្វីដែលពិសេសថែមទៀតនោះ កម្ពុជា ក៏ដូចជា រាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អ ជុំវិញការរាតត្បាតនៃជំងឺកូវីដ-១៩ លោកសុំរៀនសូត្រពីបទពិសោធន៍ ទាំងនេះពីកម្ពុជា ។ បន្ថែមពីនេះ ក្នុងគោលបំណងពង្រីកចំណងមិត្តភាព និងការយោគយល់ គ្នាទៅវិញទៅមក រវាងប្រជាជននៃទីក្រុងទាំងពីរ អ្វីជាបទពិសោធន៍របស់ទីក្រុង Larnaka មាន នឹងយកមកចែករំលែក ជូនរាជធានីភ្នំពេញ ដែលមានដូចជា ចំណតឆ្លាត ភ្លើងបំភ្លឺឆ្លាត ការគ្រប់គ្រងសំណល់រឹងឆ្លាតជាដើម ។

ក្នុងឱកាសនោះ តំណាងឱ្យរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា, តំណាងឱ្យទីក្រុងឡាណាកា លោក Andreas VYRAS អភិបាលក្រុងឡាណាកា សាធារណរដ្ឋស៊ីប បានចុះហត្ថលេខា លើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ក្នុងគោលបំណង ដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រជាជននៃទីក្រុងទាំងពីរ ហើយជាពិសេស ដើម្បីលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ៕/V