ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖  ដោយសារស្ថានភាពជំនន់ទឹកភ្លៀង នាឆ្នាំនេះ ហក់ឡើងខ្លាំង បណ្ដាលឱ្យលិចលង់ ដំណាំស្រូវរបស់ប្រជាពលរដ្ឋ អស់ជាច្រើនហិកតា ទើបបង្ខំចិត្តឲ្យពួកគាត់ ប្រមូលផ្ដុំគ្នាមកបង់សំណាញ់ ខ្លះទៀតនាំគ្នាស្ទួចត្រី ជាលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាព ក្នុងគ្រាលំបាក ។

ប្រជាពលរដ្ឋទាំងនោះ បានរៀបរាប់ប្រាប់ឱ្យដឹងថាៈ ជារៀងរាល់ឆ្នាំ នៅក្នុងរដូវកាលនេះ គឺពួកគាត់ជាប់មមាញឹក ក្នុងការងារកសិកម្ម ជាពិសេស គឺធ្វើស្រែ ដោយឡែក ឆ្នាំនេះ ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀង ហក់ឡើងខ្លាំងមក ហើយភ្លៀងសឹងរាល់ថ្ងៃ និយាយជារួម ឆ្នាំនេះ គឺឆាប់ចូលរដូវវស្សាលឿនពេក ធ្វើឱ្យពួកយើង ក្តាប់ស្ថានភាព មិនបាន។ នៅពេលនេះ ស្រូវស្រែភាគច្រើន ត្រូវលិចលង់អស់ ទើបបណ្តាលឱ្យខូចខាត ស្រូវជាច្រើនហិកតា ។ ដូច្នេះហើយ ពួកគាត់យកពេលវេលានេះ មកបង់សំណាញ់ ស្ទូចត្រី និងនេសាទលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

ពួកគាត់ បានរៀបរាប់ឲ្យដឹងទៀតថាៈ ស្របពេលទឹកកំពុងបាចហាច តាមប្រឡាយ និងតាមវាល ពួកគាត់អាចបង់សំណាញ់ ក្នុងមួយថ្ងៃ បានត្រី ៤ ទៅ ៥ គីឡូ យកលក់ខ្លះ និងទុកទទួលទានខ្លះ ក្នុងនោះពួកគាត់បង់បាន ត្រីចម្រុះ ដូចជា ត្រីឆ្ពិន ត្រីឆ្លាំង ត្រីផ្ទក់ ត្រីអណ្ដែង ត្រីឆ្លូញ ជាដើម ហើយប្រភេទត្រីទាំងនេះ ពួកគាត់អាចលក់បាន ក្នុង ១គីឡូក្រាម តម្លៃ ១០.០០០ រៀល ទៅ ១២.០០០ រៀលឯណោះ។

ដោយឡែក ស្ត្រីអាជីវករលក់ត្រី នៅទំនប់បង្ហៀរទឹក ៣០ កញ្ញា ស្ថិតនៅភូមិសាស្ត្រ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ បានឱ្យដឹងដែរថាៈ ត្រីឆ្នាំនេះ​ សំបូរជាងឆ្នាំមុនៗ ប៉ុន្តែមិនសូវមានមនុស្ស មកលេងកម្សាន្ត ដូចឆ្នាំមុនៗទេ ។ ទាំងនេះ ដោយសារតែស្ថានភាពផ្លូវពិបាក កន្លែងខ្លះ ត្រូវលិចលង់ និងកន្លែងខ្លះទៀត ទឹកហូរផ្ដាច់ផ្លូវ កត្តាទាំងនេះហើយ ទើបធ្វើឲ្យពួកគាត់ លក់មិនសូវដាច់។

ពួកគាត់ បានប្រាប់ស្រដៀងគ្នាថាៈ ពួកគាត់អាចលក់ត្រីនៅទីនេះបាន​ក្នុងមួយថ្ងៃ ១០ គីឡូក្រាម ទៅ ២០ គីឡូក្រាម ហើយរកប្រាក់ចំណូលបានក្នុង ១ថ្ងៃ ៨០.០០០ រៀល ទៅ ១៥០.០០០ រៀលដែរ ដោយឡែក ឆ្នាំនេះ គឺកាត់បន្ថយប្រាក់ចំណូលពាក់កណ្តាល ពីផ្នែកកសិកម្ម ធ្វើស្រែស្រូវ។

ទន្ទឹមនោះ អាជីវករលក់ត្រី ក៏ដូចជា អ្នកលក់ចំណីអាហារ នៅតំបន់កម្សាន្តទំនប់បង្ហៀរទឹក ៣០ កញ្ញា បានអំពាវនាវប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជា ភ្ញៀវទេសចរជាតិ ដែលមានបំណង មកលេងកម្សាន្តនៅតំបន់នេះ សូមជួយទិញចំណីអាហារ និងសមិទ្ធផលនានា ដែលផលិត នៅទីនេះ ដូចជា ត្រីធម្មជាតិ ផ្អកកូនត្រី ត្រីប្រៃ ប្រហុក ត្រីឆ្អើរ ។ល។ ព្រោះចំណីអាហារ នៅទីនេះ គឺប្រជាពលរដ្ឋនេសាទ តាមបឹងធម្មជាតិ ក្នុងបរិវេណទីនេះ សុទ្ធសាធ មិនក្លែងបន្លំ ជាពិសេស គឺតម្លៃសមរម្យ និងមានអនាម័យ អាចទុកចិត្តបាន៕ V /N