ដោយៈ ប.ខុន / ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុ បានចូលរួមដាំដើមកោងកាង ចំនួន ២.០០០ ដើម លើផ្ទៃដីចំនួន ២ ហិកតា នៅព្រឹកថ្ងៃទី១៣ ខែតុលា ដោយលោកបានថ្លែង ថាៈ ព្រៃឈើដុះ យើងរស់ ព្រៃឈើល្អ យើងមានបាន កាប់ព្រៃឈើ ក្ររហេមរហាម។ ដើមកោងកាងជាង បីម៉ឺនដើម ត្រូវបានដាំរួចជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២២ នេះ នៅស្រុកព្រៃនប់ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនៅក្នុងកម្មវិធីដាំដើមកោងកាង នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ថាៈ ព្រៃឈើដុះ យើងរស់ ព្រៃឈើល្អ យើងមានបាន កាប់ព្រៃឈើ ក្ររហេមរហាម។

កូនដើមកោងកាង ដែលបានដាំ នៅក្នុងពិធីដោយមានការចូលរួមពីព្រះសង្ឍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. និងប្រជានេសាទ ក្នុងសហគមន៍នេះ មានចំនួន ២.០០០ ដើម នៅលើផ្ទៃដីរិចរិល ទំហំពីរហិកតា។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាននិយាយឱ្យដឹងថាៈ ក្រោមការឧបត្ថម្ភជាបន្តបន្ទាប់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាប់ពីដើម ឆ្នាំ២០២២ រហូតមកដល់ពេលនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដាំដើមកោងកាងលើផ្ទៃដីដែលគេកាប់បំផ្លាញ បានចំនួនជាង បីម៉ឺនដើមហើយ។
ផ្ទៃដីព្រៃកោងកាង ដែលបានធ្វើជំរឿន ដោយរដ្ឋបាលជលផល នៅក្នុងឆ្នាំ២០១០ ត្រូវបានគេប្រាប់ឱ្យដឹងថា មានចំនួន ៩.៣២៥ ហិកតា តែបច្ចុប្បន្នអាចនៅសល់តិចជាងនេះ ដោយសារការកាប់ទន្ទ្រានខុសច្បាប់ តែមន្ទីរក៏បានធ្វើការដាំឡើងវិញ ជាបន្តបន្ទាប់ តាម ការណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅកន្លែងណាដែលគេ កាប់បំផ្លាញ ហើយបានរឹបអូសត្រឡប់មកវិញ ។ ការដាំព្រៃកោងកាង បានធ្វើរាល់ឆ្នាំ នៅ តំបន់រិចរិល ដោយមានកិច្ចសហការពីប្រជាពលរដ្ឋ និងសហគមន៍ នៅតាមមូលដ្ឋាន៕ V / N