ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អង្គការសាម៉ារីតាន់ ភឺស (Samaritan Purse) បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ កសាងអគារសិក្សា ៣ ខ្នង ស្មើនឹង ១២ បន្ទប់ និងសមិទ្ធផល មួយចំនួនទៀត មានដូចជា អាងចម្រោះទឹកស្អាតខ្នាតធំ ឡដុតសំរាម បង្គន់អនាម័យ នៅវិទ្យាល័យបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ សាលាបឋមសិក្សាបឹងក្ងោក និងសាលា បឋមសិក្សាអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ​សរុបថវិកាជាង ២,៦ សែនដុល្លារ អាម៉េរិក ហើយអង្គការនេះ អះអាងពីការបន្តជាដៃគូអភិវឌ្ឍន៍របស់រដ្ឋបាល និងប្រជាជន ខេត្តបន្ទាយមានជ័យ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលទាំងនេះ បានប្រព្រឹត្តទៅនៅនៅវិទ្យាល័យបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ។

លោក ប៊េរី ជេកសិន នាយកប្រចាំកម្ពុជា នៃអង្គការសាម៉ារីតាន់ ភឹស(Samaritan Purse) បានមានប្រសាសន៍ នៅក្នុងឱកាសនោះថាៈ លោកមានសេចក្ដីសោមនស្ស រីករាយ យ៉ាងក្រៃលែង ដែលបានចូលរួម ក្នុងពិធីសម្ពោធអគារសិក្សា ៣ ខ្នង មាន ១២ បន្ទប់ និងសមិទ្ធផលនានា មានដូចជា អគារសិក្សា មួយខ្នង មាន ៣បន្ទប់ ឡដុតសំរាម១ នៅវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះ , អគារសិក្សា មួយខ្នង ស្មើ ៥ បន្ទប់ បង្គន់អនាម័យ ១ខ្នង អាងចម្រោះទឹក ស្អាតខ្នាតធំ១ និងឡដុតសំរាម១ នៅបឋមសិក្សាបឹងក្ងោក និងអគារសិក្សាមួយខ្នង មាន ៤ បន្ទប់. បង្គន់អនាម័យ ១ខ្នង ស្មើនឹង ៣ បន្ទប់ អាងចម្រោះទឹកស្អាត ជាមួយនឹងឡដឹកសំរាម នៅបឋមសិក្សាអូរស្វាយ នៃស្រុកម៉ាឡៃ ដោយចំណាយថវិកាសរុប ចំនួន ២៦៥.៦៨១ ដុល្លារអាមេ៉រិក ។

លោក បែរី ជែកសុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំ ប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជា ថ្នាក់ដឹកនាំរដ្ឋបាល មន្ទីរ អង្គភាព គ្រប់លំដាប់ថ្នាក់​ព្រមទាំងអង្គការជាតិ​និងអន្តរជាតិ ជាពិសេសក្នុងនាមអង្គការសាម៉ារីតាន់ ភឺស ដែលបានខិតខំប្រឹងប្រែងរកនូវការគាំទ្រ ពីសប្បុរសជនក្នុង និងក្រៅប្រទេស រួមជាមួយនឹងដៃគូ នៅក្នុងការជួយអភិវឌ្ឍន៍ ដល់វិស័យអប់រំ ពោលគឺ អង្គការ នឹងបន្តធ្វើ ជាដៃគូអភិវឌ្ឍន៍ល្អ ជាមួយរដ្ឋបាលខេត្ត មន្ទីរ និងប្រជាជនកម្ពុជា ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ នៅចំពោះមុខអ្នកចូលរួម ពិធីទាំងអស់ ក្នុងនោះក៏មានការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តផងនោះថាៈ ការសិក្សាអប់រំ របស់សិស្សានុសិស្ស ជារឿងសំខាន់ តែអ្វីដែល សំខាន់ជាងនេះទៀតគឺ អគារសិក្សាដែល ជាកន្លែងសម្រាប់ផ្ដល់ការអប់រំរបស់លោកគ្រូ​អ្នកគ្រូ ទៅដល់សិស្ស ហើយការសហការ សាងសង់នូវអគារសិក្សា គឺជាការឆ្លើយតប ទៅនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់ ក្រសួងអប់រំ​យុវជន និងកីឡាៈ ទី១-សមធម៌ នៃការចូលរៀន ទី២-គុណភាព និងប្រសិទ្ធភាព នៃការអប់រំ ទី៣-ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដូច្នេះការផ្គត់ផ្គង់អគារសិក្សា ដល់ទីកន្លែង គឺបានជួយដល់ការប្រមូល កុមារទាំងអស់ ឱ្យបានចូលរៀន ដោយមិនមានការប្រកាន់វណ្ណៈ ការរើសអើង ពណ៌សម្បុរ និន្នាការនយោបាយ កុមារពីគ្រួសារក្រីក្រ ។ ពិសេសកុមារី កុមារា ដែលងាយរងគ្រោះ ពីការរំលោភបំពានលើរាងកាយ ការប្រើនូវអំពើហិង្សា និងការជួញដូរមនុស្សជាដើម ជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ។ ជាការពិតណាស់ សមិទ្ធផលទាំងអស់នេះ គឺកើតឡើងដោយការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត ស្មារតី ព្រមទាំងមានកិច្ចសហ ប្រតិបត្តិការ យ៉ាងសកម្មផុលផុស និងប្រកបដោយការទទួលខុសត្រូវ ដើម្បីសម្រេចបាន​នូវសមិទ្ធផលទាំងអស់នេះ ជាច្រើនឥតគណនា។

ជាមួគ្នានោះ​ លោក សេរី ជំនះ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាៈ ផ្អែកតាមយុទ្ធសាស្ត្រ នៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល យើងបានពុះពារជម្នះបាន នូវបញ្ហាប្រឈមធំៗ ជាច្រើន ទោះជាមានបញ្ហាប្រទេសជាតិ ជួបនូវការរងគ្រោះដោយជំងឺកូវីដ១៩ ដែលបង្កនូវ ការរាំងស្ទះ មានដូចជា បិទសាលារៀន បិទចរាចរណ៍ទូទាំងប្រទេស ហើយក៏ជាបញ្ហាដែល រាជរដ្ឋាភិបាល ពិបាកនៅក្នុងការសម្រេចចិត្តបិទផ្លូវជាដើម។

លោកបានបន្តថាៈ ការអប់រំ គឺជាកិច្ចដំណើរការអភិវឌ្ឍន៍ការសិក្សា ឬការបណ្តុះបណ្តាល កាយសម្បទា និងសតិបញ្ញា និងសីលធម៌ តាមរយៈគ្រប់សកម្មភាពអប់រំ ធ្វើឲ្យសិស្សទទួល បាននូវចំណេះដឹង ជំនាញសមត្ថភាពនិងមានតម្លៃនឹងក្លាយជាបុគ្គលល្អដែលមានប្រយោជន៍ ខ្លួនឯងគ្រួសារ និងសង្គមជាតិ។

ព្រមជាមួយនឹងការធានាឲ្យមានការអប់រំ គុណភាពប្រកបដោយសមធម៌ បរិយាប័ន្ន និង ការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ពិតជាមានសារៈ សំខាន់​កុមារគ្រប់រូប ត្រូវទទួលនូវសេវាអប់រំ តាមរយៈរូបភាពដែលបានចូលរៀន ​នៅបឋមសិក្សា មធ្យមសិក្សា គឺមានឱកាសបន្តការសិក្សាទៅមុខ ព្រមទាំងបានផ្តល់នូវ ជម្រើសផ្សេងៗទៀត និងយុវជនដែលពុំទាន់មានលទ្ធភាព ទទួលបាននូវសេវាអប់រំ ក្នុងនិងក្រៅប្រព័ន្ធ។

ចុងបញ្ចប់នៃកម្មវិធី ក៏មានការបំពាក់នូវគ្រឿងឥស្សរិយយស និងជូនបណ្ណសរសើរ និងចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស ការកាត់ខ្សែបូរ​ដាំកូនឈើ ទស្សនាសមិទ្ធផល បំនិន និងពិសោធន៍ស្ទែម (STEM) របស់សិស្សនៃវិទ្យាល័យបុស្បូវ ផងដែរ៕ V / N