ដោយៈបាយ័ន / សៀមរាបៈ ខ្លោងទ្វារអគារព្រះឥសូរដែលស្ថិតនៅជ្រុងឦសាន នៃប្រាង្គកណ្តាលរបស់ប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរ ដើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការ មួយរយៈពេល ដើម្បីធ្វើការងារជួសជុល។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹង នៅព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះ។

លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថាៈ ក្រុមអ្នកជំនាញ បានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារនេះ តាំងពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះក្រុមការងារ បានបញ្ជប់ការជួសជុល។

លោកបានបន្តថាៈ ការជួសជុលចាប់ផ្តើមពីការសិក្សាស្រាវជ្រាវឯកសារ ពាក់ព័ន្ធកិច្ចការអភិរក្ស កន្លងមក ធ្វើសម្រង់ប្លង់ ចុះបញ្ជើថ្ម ស្វែងរកថ្ម រៀបផ្គុំថ្មសាកល្បង វាស់ស្ទង់ សិក្សាវាយតម្លៃស្ថានភាពសំណង់ដែលរងការខូចខាត ធ្វើវិភាគ ហើយកំណត់នូវវិធីសាស្ត្រ ដើម្បីជួសជុល។ បន្ទាប់មក រៀបចំរបាយការណ៍ដាក់ឆ្លងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសអង្គរ (ICC-Angkor)។

ក្រោយទទួលបានអនុសាសន៍ពីអ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ ក្រុមការងារចាប់ផ្តើមរុះរើត្រង់ផ្នែករងការខូចខាត ហើយប្រឈមនឹងដួលរលំ។ ធ្វើកំណាយសិក្សាពិនិត្យស្ថានភាពគ្រឹះ ហើយជួសជុលពង្រឹងគ្រឹះនិងជើងតាង។

លោកបានបន្តទៀតថាៈ អគារនេះ មានសសរចំនួន២៤ ហើយស្រុតស្ទើរតែទាំងអស់ ចំណែករចនាសម្ព័ន្ធសំណង់ទ្រេតខ្លាំង ប្រឈមនឹងដួលរលំ។ កិច្ចការបន្ត គឺជួសជុលពង្រឹងគ្រឹះ និងជើងតាង (ដូរថ្មដែលពុកផុយ ជំនួសដោយថ្មបាយក្រៀមថ្មី ចំពោះថ្មដែលមានគុណភាពល្អរក្សាទុកដដែល) បន្ទាប់មក រៀបផ្គុំសសរ ធ្នឹម និងដំបូល។

លោកបានបន្តទៀតថាៈ ក្រោយពីការងារជួសជុលរួច អាជ្ញាធរជាតិអប្សរា រំពឹងថា នឹងបើកវង់ទស្សនាឱ្យបានទូលំទូលាយជាងមុន ព្រោះពេលកន្លងមក អគារនេះ ត្រូវបិទមិនឱ្យភ្ញៀវឆ្លងកាត់។

លោកបានបញ្ជាក់បន្ថែមថាៈ សំណង់ខ្លោងទ្វារអគារព្រះឥសូរ មានលក្ខណៈខុសប្លែកពីសំណង់ផ្សេងៗ នៅក្នុងប្រាសាទព្រះខ័ន មានច្រកចេញបើកចំហរគ្រប់ទិស គ្មានជញ្ជាំង ហើយមានដំបូលគ្របពីលើសសរចំនួន ២៤ ដើម។

សូមជម្រាបដែរថា រចនាសម្ព័ន្ធខ្លោងទ្វារខាងកើត នៃអគារព្រះឥសូរធ្លាប់បានរៀបចំទល់ទ្រ ដោយការទល់ទ្រនល់ និងធ្នឹម អំពីបេតុងនៅឆ្នាំ១៩២៨ ដោយក្រុមអភិរក្សអង្គរ នៃសាលាបារាំងចុងបូព៍ា និងនៅឆ្នាំ២០០២ អាជ្ញាធរជាតិអប្សរា បានសិក្សា និងធ្វើការទល់ទ្រ នូវរចនាសម្ព័ន្ធ ដែលប្រឈមនឹងដួលរលំ៕/V-PC