ដោយៈ បាយ័ន / សៀមរាបៈ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានការងារចុះពិនិត្យ និងអង្កេតផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងលោកស្រី ម៉ន នី រង្សី អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំមួយនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីស្តាប់វឌ្ឍនភាពការគ្រប់គ្រងតាមដានគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ នៅតាមបណ្ដាក្រុង-ស្រុក ខេត្តសៀមរាប ដើម្បីរៀបចំផែនការត្រៀមបម្រុង។

ប្រភពមន្រ្តីសាលាខេត្តសៀមរាប បានបញ្ជាក់ថាៈ អង្គប្រជុំ បានជំរុញឱ្យក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក បន្តតាមដានផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ និងត្រូវរៀបចំនីតិវិធី ស្នើសុំពូជស្រូវ ពូជបន្លែ ពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីស្តារដាំដុះឡើងវិញបន្ទាប់ពីផលប៉ះពាល់ និងការខូចខាត ដោយទឹកជំនន់ទឹកភ្លៀង កន្លងទៅនេះ។

កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំនោះ គឺមានទិសដៅត្រៀមបម្រុងតាមដាន និងត្រៀមលក្ខណៈអន្តរាគមន៍ ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើងសារជាថ្មី ដោយឥទ្ធិពលព្យុះនានា ភ្លៀងធ្លាក់ និងការហូរចេញពីភូមិសាស្ត្រតំបន់មួយចំនួន និងត្រៀមបម្រុងទីទួលសុវត្ថិភាពក្នុងករណីមានគ្រោះមហន្តរាយកើតឡើង៕/V-PC