ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារក្រោមឱវាទ នាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ២៤៧ គ្រួសារ ដែលរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងឃុំ២ គឺឃុំតស៊ូ និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ នាថ្ងៃទី១៣ ខែតុលា នេះ។

អំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ២៤៧ គ្រួសារនោះ ក្នុង១គ្រួសារ ទទួលបាន អង្ករ១បេ ទឹកបរិសុទ្ធ១កេស មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងត្រីខកំប៉ុង ១យួរ។

លោក គីម រិទ្ធី បានថ្លែងថាៈ អំណោយដែលបាននាំយកមកចែកជូនបងប្អូនដែលរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។

អភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ក្រោយពីទឹកជំនន់បានស្រកចុះអស់ តាមរយៈការដាំដុះដំណាំកសិកម្ម ដំណាំរួមផ្សំនានា ការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់ជីវភាពគ្រួសារ ឱ្យបានល្អប្រសើរឡើងវិញ៕/V-PC