ដោយ៖ ដេប៉ូ / កំពង់ធំ៖ ប្រតិភូនៃមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារ នៃគម្រោងពិព័រណ៍សហគមន៍ បានជួបសំណេះ សំណាល ជាមួយសមាជិកសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តកំពង់ធំ ដែលកំពុងរៀនជំនាញជួសជុលម៉ូតូ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ នេះ។

ថ្លែងក្នុងពិធីនេះ លោកស្រី ម៉ុម ថានី បានឱ្យដឹងថាៈ ជំនាញ គឺសំខាន់ណាស់ សម្រាប់យុវជន ក៏ដូចជា ចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិយើង។ ការបណ្តុះបណ្តាលនេះ លើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋ នៅតាមសហគមន៍ មករៀនជំនាញ មួយច្បាស់លាស់ ដើម្បីមានជម្រើសមុខរបរ ពិតប្រាកដមួយ ជួយកាត់បន្ថយការពឹងអាស្រ័យ លើធនធានធម្មជាតិ និងជួយឲ្យសហគមន៍ មានការរីកចម្រើនរុងរឿង។

លោកស្រី បានបន្ថែមថាៈ គម្រោងពិព័រណ៍សហគមន៍ ជាយន្តការគាំទ្រ យ៉ាងរឹងមាំ ជួយអភិវឌ្ឍន៍សមត្ថភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ឱ្យមានជីវភាពរុងរឿង តាមរយៈការដាក់ចេញ នូវផែនការ ច្បាស់លាស់ គឺការបណ្តុះបណ្តាល ចំណេះជំនាញផ្សេងៗ ប្រកបដោយ សក្តានុពល ដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ ការបង្កើតទំនាក់ទំនង ស្អិតរមួត រវាងសហគមន៍ និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងការបង្កើត វេទិកាពិគ្រោះយោបល់ រវាងសហគមន៍ និងពាណិជ្ជករ គោលដៅ។

លោកស្រី រដ្ឋលេខាធិការ បានបន្តទៀតថាៈប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ទទួលបានការបណ្តុះបណ្តាល ជំនាញផ្សេងៗ ក្នុងនោះ ជំនាញជួសជុលម៉ូតូ របស់គម្រោងពិព័រណ៍សហគមន៍ ដែលជាផ្នែកមួយ ជាការផ្តល់ជម្រើសមុខរបរ ដ៏សំខាន់ សម្រាប់ជួយបង្កើនសេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់ នៅតាមមូលដ្ឋាន។

លោក ហឿន សុធីម សមាជិកសហគមន៍ តំបន់ការពាររធម្មជាតិ ជាំធ្លក ភូមិវាលព្រីង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសម្តែងការសប្បាយរីករាយ ជាមួយការទទួលបានជំនាញ ជាជាងជួសជុលម៉ូតូ ពីវិទ្យាស្ថានពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ។

លោក ហឿន សុធីម បានមកសិក្សាវគ្គ ជាងជួសជុលម៉ូតូនេះ ជាមួយសមាជិកសហគមន៍ម្នាក់ទៀត រយៈពេល ៤ខែ រួចមកហើយ ហើយពេលនេះ បានបញ្ចប់ការសិក្សា ព្រមទាំងគ្រោងត្រឡប់ទៅមូលដ្ឋាន បង្កើតជាហាងជួសជុលម៉ូតូ ផ្ទាល់ខ្លួន ដើម្បីរកចំណូលបង្កើនជីវភាពគ្រួសារ។

ក្នុងពេលនេះដែរ លោកស្រី ម៉ុម ថានី បានប្រគល់ថវិកា របស់គម្រោងពិព័រណ៍ សហគមន៍ ដល់សិក្ខាកាម ដែលជាសមាជិកសហគមន៍ តំបន់ការពារធម្មជាតិ ជាំធ្លក ដែលបានបញ្ចប់វគ្គសិក្សា ជាងជួសជុលម៉ូតូ ចំនួន២នាក់ ដែលម្នាក់ៗ ទទួលបានថវិកាចំនួន ៣លាន ៦សែនរៀល។ ថវិកានេះ គឺផ្តល់ជូនដល់ពួកគាត់ បង្កើតមុខរបរ ដើម្បីបង្កើនជីវភាពគ្រួសារ នៅតាមមូលដ្ឋាន។

គួរបញ្ជាក់ថា គម្រោងរៀបចំពិព័រណ៍សហគមន៍ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង នៅខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណង បង្កើតមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយ ឬលប់បំបាត់ទាំងស្រុង ការប្រើប្រាស់ធនធានធម្មជាតិ និងជាគម្រោង នៃកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន៕/V