ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងស្ថានឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបង្ហាញជំហរ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់ រវាងប្រទេសទាំងពីរ បន្ថែមទៀត ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងអំពើ ជួញដូរមនុស្ស នៅកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា ជាអាទិ៍ ឧក្រិដ្ឋកម្មចំពោះកុមារ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់។

គួរបញ្ជាក់ថា ភាគីទាំង២ បានបង្ហាញជំហរបែបនេះ ក្នុងជំនួបពិភាក្សាការងារ រវាងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយលោក W. PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងករណីនាវា MT.COURAGEOUS និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

នៅក្នុងជំនួប កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ និង លោកឯកអគ្គរដ្ឋទូត បានសំដែងនូវការអបអរសាទរ និងថ្លែងអំណរគុណគ្នាទៅវិញទៅមក អំពីជោគជ័យ នៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងប្រទេសទាំងពីរ លើករណីនាវា MT.COURAGEOUS ដែលបំពាននឹងទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងដែលត្រូវបានរឹបអូស ដោយសេចក្តីសម្រេចរបស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចរបស់តុលាការកម្ពុជា។

លទ្ធផលជោគជ័យ ដែលកើតចេញពី កិច្ចសហប្រតិបត្តិការ មួយនេះ ជាការបង្ហាញឱ្យឃើញ អំពីកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់ យ៉ាងល្អ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក និងជាការបង្ហាញ អំពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ អង្គការសហប្រជាជាតិ ជាពិសេស ការចូលរួមការប្រយុទ្ធ ប្រឆាំងនឹងការរីកសាយភាយ អាវុធមហាប្រល័យ និងអំពើភេរវកម្មផងដែរ ដែលនេះគឺ ជាសក្ខីកម្មមួយដ៏ធំធេង ដែលបានជួយលើក កម្ពស់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ ទាំងកម្រិតសាកលលោក៕/V