​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​មួ​យ​ដើម​ឆ្ពោះ​កាន់​ដែនទឹក​ខាងកើត​និង​បញ្ជូន​យន្តហោះ​ចម្បាំង​មក​កៀក​ព្រំដែន​កូរ៉េខាងត្បូង​ដោយ​វា​កាន់តែ​បង្កើន​ភាព​តានតឹង​​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ា​បាញ់​កាំជ្រួច​បន្ត​បន្ទាប់នៅក​ន្លះ​ខែ​មកនេះ​ហើយ​អាម៉េរិក​និង​កូរ៉េខាងត្បូង​ទើប​បញ្ចប់​សមយុទ្ធ​ដ៏​ធំ​ជាមួយគ្នា​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង​បាន​និយាយថា ការបាញ់​កាំជ្រួច​នេះ​បាន​កើត​ឡើង​កាលពី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​សុក្រ តែ​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែ​ម​ទេ រួម​ទាំង​ថា​តើ​វា​បាន​ហោះ​របៀប​ណា​​ផង​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​ការពារជាតិ​ជប៉ុន​និង​ការិយាល័យ​នាយករដ្ឋមន្ត្រី​ក៏​បាន​សរសេរ​បង្ហោះ​ថា កូរ៉េខាងជើង​ទំនងជា​បាន​បាញ់​កាំជ្រួច​មួយ​គ្រាប់​។​

​វា​ជា​ការបាញ់​សាកល្បង​ចុងក្រោយ​ក្នុងចំណោម​ការបាញ់​ជា​ហូរហែ​របស់​កូរ៉េខាងជើង​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​។​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា មេដឹកនាំ​របស់​ខ្លួន​លោក​គីម​​ជុង​អ៊ុន បាន​ត្រួត​មើល​ការបាញ់​បង្ហោះ​សាកល្បង​កាំជ្រួច​បណ្តែត​ចម្ងាយ​ឆ្ងាយ​និង​បាន​និយាយថា វា​បង្ហាញ​ថា​យោធា​របស់​លោក​បាន​ពង្រីក​សមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ​ដោយ​ជោគជ័យ​។​

​កញ្ចក់​ទូរទស្សន៍​កូរ៉េខាងត្បូង​បង្ហាញ​មេដឹកនាំ​គីម ជុង​អ៊ុន និង​ការសាកល្បង​កាំ​ជ្រួច​

​នៅពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ​​កូរ៉េ​ខាងជើង​បាន​និយាយថា​ការសាកល្បង​កាំជ្រួច​របស់​ខ្លួន​នៅ​ពីរ​សប្តាហ៍​មក​នេះ​គឺ​ធ្វើ​ដូច​ជា​ការវាយប្រហារ​នុយក្លេអ៊ែរ​លើ​គោលដៅ​កូរ៉េ​ខាងត្បូង​និង​អាម៉េរិ​ក​សំខាន់ៗ​​និង​ថា​ការសាកល្បង​សព្វាវុធ​នេះ​ជា​ការព្រមាន​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​ចំពោះ​ការធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា​«​ដ៏​គ្រោះថ្នាក់​»​ដែល​មាន​ការចូលរួម​ពី​នាវា​ដឹក​យន្តហោះ​ផងដែរ​។​

​នាយសេនាធិការ​កងទ័ព​កូរ៉េខាងត្បូង​ក៏បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​មក​កៀក​ព្រំដែន​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​ដើម​ថ្ងៃ​សុក្រ នាំ​អោយ​កូរ៉េ​ខាងត្បូង​បញ្ជូន​យន្ត​​ហោះ​ប្រយុទ្ធ​ទៅ​ស្ទាក់​និង​ព្រមាន​។​យន្តហោះ​កូរ៉េ​ខាងជើង​បាន​ហោះ​កៀ​កនៅ​ចម្ងាយ​តែ​១១​គីឡូម៉ែត្រ​ពី​ព្រំដែន​។​

​យោធា​កូរ៉េខាងត្បូង​បាន​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ​ទំនើប​បំផុត​F-35 និង​យន្តហោះ​ដទៃ​ទៀត​ទៅ​ស្ទាក់​និង​ព្រមាន តែ​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការ​ប៉ះទង្គិច​គ្នា​ទេ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​បាន​និយាយថា កាំជ្រួច​នេះ​បាន​ហោះ​ក្នុង​គន្លង​«​មិន​ទៀងទាត់​»​មួយ និង​វា​ប្រហែល​ជា​កាំជ្រួច​កល​យុទ្ធ​ខ្ពស់​របស់​កូរ៉េខាងជើងធុន KN-23 ដែល​យក​គំរូ​តាម​កាំជ្រួច​Iskander​របស់​រុស្ស៊ី និង​ថា​វា​បាន​ហោះ​ចម្ងាយ​៤០៣​គីឡូម៉ែត្រ​ក្នុង​កំពស់​៥០​គីឡូម៉ែត្រ​មុន​ធ្លាក់​ចូល​ក្នុង​ទឹក​នៅ​ចន្លោះ​ឧបទ្វីប​កូរ៉េ​និង​ជប៉ុន​។​

​កាំជ្រួច​បាញ់​កាលពី​ថ្ងៃ​សុក្រ​ប្រហែលជា​កាំជ្រួច​កល​យុទ្ធ​ខ្ពស់​របស់​កូរ៉េខាងជើង KN-23

​បញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាម៉េរិកក្នុងពេលជាមួយគ្នា ​បាន​និយាយ​ថា​ការបាញ់​បង្ហោះ​នេះ​មិន​បង្កការ​គំរាម​បន្ទាន់​ដល់​បុគ្គលិក​​យោធា​ឬ​ទឹកដី​អាម៉េរិក រួម​ទាំង​សម្ពន្ធមិត្ត​របស់ខ្លួន​ទេ​ហើយ​អាម៉េរិក​តាំងចិត្ត​ការពារ​កូរ៉េ​​ខាងត្បូង​និង​ជប៉ុន​ដោយ​គ្មាន​កែប្រែ​៕