ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា បានអះអាងថាៈ ក្បាច់រាំ “Break dance” នឹងក្លាយទៅជាវិញ្ញាសាប្រកួតផ្លូវការ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ជាមួយនឹងការអះអាងនេះ សហព័ន្ធ បានបញ្ជាក់ថាៈ ពេលនេះ សហព័ន្ធកីឡារាំកម្ពុជា បាននឹងកំពុងដំណើរការជ្រើសរើសអត្តពលិកកម្ពុជា ដោយបើកចំហមួយ លើការប្រកួតក្បាច់រាំ “Break dance” បន្ទាប់ពីសហព័ន្ធកីឡារាំកម្ពុជា បានចុះអនុស្សរណៈមួយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជាមួយសាលារបាំជប៉ុន D.O.D. លើការជួយផ្តល់គ្រូបង្វឹកកម្រិតខ្ពស់ ផ្នែក Breaking Dance ដើម្បីជួយបង្វឹកកីឡាករ-កីឡាការិនី Breaking Dance កម្ពុជា ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣២។

នេះគឺជាលើកទី១ សម្រាប់កម្ពុជា ក្នុងការចូលរួមប្រកួតលើវិញ្ញាសា “Breakdance” នៅស៊ីហ្គេម ហើយការជ្រើសរើសកីឡាករ-កីឡាការិនី ក៏ត្រូវបានរៀបចំឡើង នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (NTSC) និងនៅអង្គការ Tiny Toones។

អ្នកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថាៈ ចំពោះវិញ្ញាសា Breaking Dance សហព័ន្ធ បានសហការជាមួយសាលារៀនបង្ហាត់រាំ D.O.D របស់ជប៉ុនដែលគាត់បានជួយឧបត្ថម្ភក្នុងការផ្ដល់គ្រូបង្វឹក ហើយនឹងបញ្ជូនអត្តពលិកទៅហ្វឹកហាត់ នៅប្រទេសជប៉ុន»។

ការជ្រើសរើសកីឡាករ-កីឡាការិនីទាំងអស់ គឺជាអតីតកីឡាករ កីឡាការិនី មកពីអង្គការ Tiny Toones។ ហេតុនេះ ពេលនេះ ពួកគាត់បានចូលរួមប្រកួត ដើម្បីក្លាយជាកីឡាករ-កីឡាការិនីជម្រើសជាតិ ដើម្បីចូលរួមប្រកួតស៊ីហ្គេម។

អ្នកស្រី បានបន្ថែមទៀតថាៈ កីឡាករ-កីឡាការិនី ៤នាក់ (បុរស ២នាក់, នារី ២នាក់) នឹងត្រូវជ្រើសរើសពីគ្រូជប៉ុន ហើយនឹងហ្វឹកហាត់នៅកម្ពុជា រយៈពេល ២ខែ រួចទើបចេញទៅបោះជំរំហ្វឹកហាត់ ក្នុងប្រទេសជប៉ុន រយៈពេល ៣ខែបន្ថែមទៀត មុនស៊ីហ្គេម ២០២៣ មកដល់ ក្រោមការណែនាំដោយផ្ទាល់ពីអ្នករាំកំពូលៗរបស់ប្រទេសជប៉ុន រួមទាំងក្រុមរាំ Mortal Kombat។

ចំពោះគោលការណ៍របស់គ្រូជប៉ុន គាត់នឹងជ្រើសរើសបុរស ២នាក់ នារី ២នាក់ គឺ មានន័យថា ជ្រើសរើសចំនួន ៤នាក់ ដែលគាត់យកទៅបង្វឹក ដើម្បីត្រៀមស៊ីហ្គេម។ ប៉ុន្តែ ក្នុងវិញ្ញាសាស៊ីហ្គេម គឺក្នុងមួយប្រទេស មានការចូលរួមតែ ២នាក់ប៉ុណ្ណោះ គឺបុរស ១នាក់ ហើយនិងនារី ១នាក់ សម្រាប់វិញ្ញាសា Breakingdance ។

គ្រូជប៉ុន និងសហព័ន្ធ ត្រូវតែបណ្ដុះបណ្ដាលឲ្យបាន ៤នាក់ ដើម្បីផ្លាស់ប្ដូរពេលមានបញ្ហាអ្វីមួយកើតឡើង យើងមានអ្នកបម្រុងចូលរួមទៀត។

ក្រោយពីការជ្រើសរើសរួចហើយ ខាងជប៉ុន គាត់នឹងបញ្ជូនគ្រូបង្វឹកមកកម្ពុជា ដើម្បីបង្វឹកនៅកម្ពុជាយើងសិន ហើយនៅខែមករា នឹងបញ្ចូនពួកគាត់ ទៅហ្វឹកហាត់នៅប្រទេសជប៉ុន ចំនួន ៣ខែទៀត។

វិញ្ញាសា“Breakdance” នៃប្រភេទកីឡារាំនេះបានចាប់ផ្ដើមដាក់ឲ្យប្រកួតជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយពេលនោះ មាន ៥ប្រទេសចូលរួម គឺម្ចាស់ផ្ទះហ្វីលីពីន, វៀតណាម, សិង្ហបុរី, ឥណ្ឌូណេស៊ី និងថៃ ។

Breakdance បានអភិវឌ្ឍន៍ពីការរាំតាមដងផ្លូវ រហូតដល់ក្លាយទៅជាការប្រកួតប្រជែង ខណៈវិញ្ញាសា “breakdance” ក៏ត្រូវបានដាក់បញ្ជូលទៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស (2024 Summer Olympics) ដែលនឹងប្រារព្ធឡើងនៅឆ្នាំ២០២៤ ៕/V