​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​រុស្ស៊ី​បាន​យល់ព្រម​ជួយ​អ្នកស្រុក​ចាក​ចេញពី​តំបន់​ដែល​ខ្លួន “​កាត់​យក​”​នៅក្នុង​សញ្ញា​នៃ​ភាព​ជោគជ័យ​សម្រាប់​ការវាយលុក​​របស់​អ៊ុ​យក្រែន ខណៈ​សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា កងទ័ព​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង “​ត្រូវ​រលាយ​” ប្រសិនបើ​វិមាន​ក្រឹម​ឡាំង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​។​

​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ការជួយ​ប្រជាជនចាក​ចេញពី​តំបន់​ឃើ​សុន (Kherson) បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​គៀវ​និយាយថា​ខ្លួន​បាន​ដណ្តើម​យក​មក​វិញ​​នូវ​កន្លែង​តាំង​ទីលំនៅ​ចំនួន​ប្រាំ​នៅក្នុង​តំបន់​ភាគខាងត្បូង​។​

​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក ម៉ា​រ៉ាត់ ឃូ​ស្នូល​លីន (Marat Khusnullin) បាន​និយាយថា “​រដ្ឋាភិបាល​បាន​សម្រេចចិត្ត​រៀបចំ​ជំនួយ​សម្រាប់​ការចាកចេញ​របស់​អ្នកស្រុក​នៃ​តំបន់​ឃើ​សុន​”​បន្ទាប់​ពី​​ប្រមុខ​តំបន់​ដែល​តែងតាំង​ដោយ​មូ​ស្គូ​បាន​អំពាវនាវ​សុំ​អន្តរាគមន៍​នេះ​។​

​លោក វ្ល៉ា​ឌី​មៀ សាល់​ដូ (Vladimir Saldo)​បាន​ស្នើ​ឱ្យ​អ្នកស្រុក “​ចាកចេញ​ទៅ​តំបន់​ផ្សេងទៀត​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​”​។​

​អ្នក​ដែល​ចាកចេញ​ទាំង​នោះ​នឹង​ទៅ​តំបន់​គ្រី​ម៉េ ជា​ឧបទ្វីប​របស់​អ៊ុយ​ក្រែន​ដែល​មូ​ស្គូ​កាត់​យក​ក្នុង​ឆ្នាំ ២០១៤ និង តំបន់​ភាគខាងត្បូង​រុស្ស៊ី​។​

​រដ្ឋាភិបាល​ក្រុង​គៀវ ដែល​បាន​ប្រកាស​ពី​ការវាយលុក​របស់ខ្លួន​នៅ​ភាគខាងត្បូង​ក្នុង​ខែសីហា បាន​និយាយថា ខ្លួន​បាន​ដណ្តើម​យក​មក​វិញ​នូវ​ផ្ទៃ​ដី​ជាង ៤០០​គីឡូម៉ែត្រ​ការ៉េ​នៅក្នុង​តំបន់​ឃើ​សុន​​ក្នុង​រយៈពេល​តិចជាង​មួយ​សប្តាហ៍​។​

​ទីក្រុង​ឃើ​សុន ដែល​ស្ថិតនៅ​ក្បែរ​តំបន់​គ្រី​ម៉េ គឺ​ជា​ទីក្រុង​ដ៏​សំខាន់​ដំបូង​គេ​របស់​អ៊ុយ​ក្រែន​ដែល​បាន​ធ្លាក់​ទៅក្នុង​ដៃ​កងកម្លាំង​រុស្ស៊ី​បន្ទាប់​ពី​ការ​លុកលុយ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​៕

​ផ្សែង​ហុយ​ឡើង​លើ​មេឃ​នៅ​ជិត​ស្ថានីយ​ថាមពល Slovianska ក្នុង​តំបន់​ដូណិត​ស​ខ៍ ប្រទេស​អ៊ុ​យក្រែន កាលពី​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២