ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣ គឺជាឆ្នាំសំខាន់ដែលបណ្ដាអ្នកប្រដាល់គុនខ្មែរ ទាំងជើងចាស់ ជើងថ្មី ចង់បញ្ចេញស្នាដៃ ដើម្បីជានៅលើទឹកដីរបស់ខ្លួន។ សម្រាប់អ្នកប្រដាល់ពូកែឆ្វេង រឿង សោភ័ណ្ឌ ក៏ចាត់ទុកការជាប់ជម្រើសជាតិប្រដាល់គុនខ្មែររបស់ខ្លួន ត្រៀមស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គឺជាប្រការសំខាន់បំផុត ក្នុងអាជីពប្រដាល់របស់ខ្លួន។ កន្លងមក អ្នកប្រដាល់ជើងខ្លាំងរូបនេះ ពុំធ្លាប់ជាកីឡាជម្រើសជាតិសម្រាប់ស៊ីហ្គេមឡើយ។

ទោះជាយ៉ាងណា ក៏ថ្មីៗមកនេះ សហព័ន្ធគុនខ្មែរ បានបង្ហើបថាៈ រឿងសោភ័ណ្ឌ បានជាប់ឈ្មោះ ក្នុងក្រុមជម្រើសជាតិ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា គឺស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣។

ជាការតាំងចិត្ត កីឡាករ មានបទពិសោធន៍យ៉ាងជោកជាំ លើសង្វៀនរូបនេះ បានឲ្យដឹងថាៈ រូបគេបានប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ ដើម្បីបំពេញមហិច្ឆតា ស្វែងរកមេដាយជូនជាតិពីព្រោះវាជាឱកាសមួយ បានបង្ហាញសមត្ថភាពហើយក៏ជាឱកាស ដើម្បីមានឈ្មោះចារក្នុងប្រវត្តិសាស្ត្រផងដែរ។

អ្នកប្រដាល់ដែលនិយមប្រើឆ្វេង ផ្ដួលគូប្រកួតរូបនេះ បានចាត់ទុកការប្រកួតស៊ីហ្គេម សំខាន់បំផុតមួយ នៅក្នុងអាជីពរបស់គេ ព្រោះជាកម្មវិធីដែលខ្លួនបានវាយតំណាងឲ្យជាតិជាលើកដំបូង ហើយពិសេស គឺបានវាយនៅលើទឹកដីរបស់ខ្លួនឯងថែមទៀតផង។

កីឡាកររូបនេះ បានបញ្ជាក់ថាៈ “ក្នុងនាមយើងជាម្ចាស់ផ្ទះ យើងមានតែការខិតខំប្រឹងប្រែងប៉ុណ្ណោះ ដើម្បីស្វែងរកមេដាយជូនជាតិ។ ខ្ញុំចាត់ទុកកម្មវិធីនេះ សំខាន់ណាស់ សម្រាប់អាជីពរបស់ខ្ញុំ ពីព្រោះយើងវ៉ៃក្នុងដីយើង ហើយតំណាងឲ្យជាតិទៀត។ ដូច្នេះខ្ញុំ ក៏គ្មានអ្វីក្រៅពីការប្រឹងប្រែងហ្វឹកហាត់ ឲ្យបានខ្លាំងជាងមុន ដើម្បីសម្រេចក្ដីបំណងប៉ុណ្ណោះ”។

អ្នកប្រដាល់រូបនេះ ប្រកួតក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម ដែលឆ្លងកាត់ការប្រកួត លើសង្វៀនគុនខ្មែរ ១៥១ ដង ក្នុងនោះឈ្នះ ១២៩ ចាញ់១៧ ស្មើ ៥ ដង៕/V