ដោយ៖ ដេប៉ូ / កំពង់ធំ៖ គម្រោងមួយដែលមានឈ្មោះថា”គម្រោងពិព័រណ៍សហគមន៍“ ត្រូវបានគេរំពឹងថា នឹងជួយដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ ក្បិតចង្អូរខ្នា នៅក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងការពង្រឹង ក៏ដូចជាការអភិរក្ស ប្រពៃណីជាតិ ជាពិសេសប្រពៃណីជនជាតិដើមភាគតិច «កួយ» ដែលរស់នៅភាគច្រើន ក្នុងតំបន់ ព្រមទាំងអាចបង្កើតបានមុខរបរចិញ្ចឹមជីវិតថ្មីបន្ថែមទៀត។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សា ផ្នែកភ្លេងប្រពៃណី រយៈពេល៣ខែ ពីអ្នកជំនាញភ្លេងបុរាណ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ សមាជិកសហគមន៍ តំបន់ការពារធម្មជាតិ ក្បិតចង្អូរខ្នា ទទួលបានការឧបត្ថម្ភ ជាឧបករណ៍ ភ្លេងខ្មែរ១ឈុត ពីក្រសួងបរិស្ថាន តាមរយៈគម្រោងពិព័រណ៍សហគមន៍បន្ថែមទៀត។

ទាក់ទិនក្នុងរឿងនេះ លោក ហ៊ាន ហៀក តំណាងក្រុមភ្លេងបុរាណ នៃសហគមន៍តំបន់​ការពារធម្មជាតិក្បិតចង្អូរខ្នា បានឱ្យដឹងថាៈ ការជួយឧបត្ថម្ភគាំទ្រ នូវឧបករណ៍ភ្លេងបុរាណ របស់គម្រោងរបស់ក្រសួងបរិស្ថាន នាពេលកន្លងទៅ ដល់ប្រជាពលរដ្ឋ ជនជាតិដើមភាគតិច បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សា អភិរក្សភ្លេងប្រពៃណីបុរាណ ខណៈដែល ពួកគាត់ មានការព្រួយបារម្ភខ្លាចបាត់បង់។

លោកបានបន្ថែមថាៈ ការចេះជំនាញលេងភ្លេងបុរាណ គឺជាការបន្ថែមនូវរបរមួយទៀត សំរាប់ជាចំណូលក្នុងគ្រួសារ តាមរយៈការចេញទៅប្រគំ តាមបណ្តាកម្មវិធីផ្សេងៗ នៅតាមមូលដ្ឋាន។

នៅក្នុងឱកាសជួបសំណេះសំណាល ក្រុមតន្រ្តីបុរាណសហគមន៍ តំបន់ការពារធម្មជាតិ ក្បិតចង្អូរខ្នា ក្នុងខេត្តកំពង់ធំ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ នៃគម្រោង ពិព័រណ៍សហគមន៍ បានលើកឡើងថាៈ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ឲ្យមានជីវភាពល្អប្រសើរ រស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានសុភមង្គល ហើយមានមុរបរជាជម្រើសថ្មីៗ បន្ថែមទៀតក្រៅពីការអាស្រ័យផល ទៅលើការចូលព្រៃប្រមូលអនុផលព្រៃឈើ ដែលមិនទាន់គ្រប់គ្រាន់នៅឡើយ សំរាប់ផ្គត់ផ្គង់ នៅក្នុងជីភាពគ្រួសារ គឺចាំបាច់ប្រជាពលរដ្ឋ នៅតាមសហគមន៍​តំបន់ការពារធម្មជាតិ ត្រូវមានជំនាញបន្ថែមទៀត ដើម្បីរកប្រាក់ចំណូល យកមកចិញ្ចឹមជីវិត និងអាចមានថវិកា សំរាប់ផ្គត់ផ្គង់ទៅលើការសិក្សារបស់កូនៗ បន្ថែមទៀត។

លោកស្រី បានបញ្ជាក់បន្ថែមថាៈ ទាំងអស់នេះហើយ គឺជាការគិតគូររបស់ ក្រសួងបរិស្ថាន ជុំវិញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។

ទាក់ទិនក្នុងរឿងនេះដែរ លោកស្រី ម៉ុម ថានី បានលើកឡើងថាៈ ”គម្រោងពិព័រណ៍ សហគមន៍ បង្កើតឡើងតាំងពីខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណង សំដៅឆ្ពោះទៅធ្វើការ ថែរក្សា ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ​ឱ្យមាននិរន្តរភាព​តាមរយៈការធ្វើ ពិពិធកម្មមុខរបរ ក្នុងកំរិតសហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅទីនោះ ឱ្យមានជីវភាពល្អប្រសើរឡើង”។

សូមបញ្ជាក់ថា ​ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ លោកស្រី បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ ក្រុមភ្លេងបុរាណ របស់សហគមន៍ និងក្រុមជំនាញសិល្បះ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ និងបានទស្សនាការសំដែងភ្លេងបុរាណ និងរបាំរបស់ក្រុមសិល្បៈ របស់ជនជាតិដើមភាគតិច «កួយ» និងនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបានចុះ ចែកសម្ភារសិក្សាជូនកុមារ នៃប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ ជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំផងដែរ។

គួររំលឹកថា គិតរហូតមកដល់បច្ចុប្បន្ននេះ មានចំនួន ១៩០ សហគមន៍តំបន់ការពារធម្មជាតិ ហើយក្នុងចំណោមនោះ ខេត្តកំពង់ធំយើងនេះ មានសហគមន៍តំបន់ការពារធម្មជាតិ សរុប ចំនួន១៧ ដែលសហគមន៍មួយចំនួន មានបងប្អូនជនជាតិដើមរស់នៅទីនោះផងដែរ។

កន្លងមក គម្រោងពិព័រណ៍សហគមន៍ របស់ក្រសួងបរិស្ថាន បានចុះស្រង់ទិន្ន័យព័ត៌មាន ជួបពិគ្រោះយោបល់ ជាមួយប្រជាសហគមន៍ ទាំង១៧ នៅក្នុងខេត្តកំពង់ធំ ពីតម្រូវការ ពិតប្រាកដ របស់ពួកគាត់ ដើម្បីជួយបង្កើតនូវមុខរបរថ្មីៗ​អាចរកចំណូល សម្រាប់ជីវភាព គ្រួសារកាន់តែប្រសើរ។ តាមរយៈគម្រោងពិព័រណ៍សហគមន៍ ប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ បានសម្រេចជ្រើសរើស យកមុខរបរចំនួន៩ ដើម្បីធ្វើការអភិវឌ្ឍជីវភាពរស់នៅ របស់ពួកគាត់ ដែលភាគច្រើន បានជ្រើសរើសយកការអភិវឌ្ឍមុខរបរផ្នែកកសិកម្ម មានដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាលជម្ងឺសត្វ ឬពេទ្យសត្វ ជាដើម៕/V-PC