​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​និង​អា​រ៉ាប៊ីសាអូឌីត​បាន​ផ្តោះផ្តង​សម្តី​គ្នា​យ៉ាង​ជូរចត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​ជុំវិញ​ការកាត់បន្ថយ​ទិន្នផល​ប្រេង​របស់​អង្គការ OPEC+ កាលពី​សប្តាហ៍​មុន ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ​ថា​បាន​បង្កើន​ផលប្រយោ​ជន៍​របស់​រុស្ស៊ី​ដោយ​ចេតនា​។​

​អង្គការ OPEC+ ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត ដែល​រួមមាន​ទាំង​រុស្ស៊ី​ដែរនោះ បាន​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ខឹងសម្បា​ដោយ​ការកាត់បន្ថយ​ការផលិត​ប្រេង​ចំនួន​ពីរ​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ចាប់​​ពី​ខែ​វិច្ឆិកា ដោយ​បន្ថែម​សម្ពាធ​បន្ថែមទៀត​លើ​តម្លៃ​ប្រេង​ឆៅ​ដែល​កំពុង​ឡើងថ្លៃ​។​

​អា​រ៉ាប៊ីសាអូឌីត​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ “​ច្រាន​ចោល​ទាំងស្រុង​” នូវ​ការចោទប្រកាន់​ថា ខ្លួន​កំពុង “​កាន់ជើង​ខាង​រុស្ស៊ី​” ខណៈ​សង្គ្រាម​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​កំពុងផ្ទុះ​ខ្លាំង​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​សេត​វិមាន​លោក ច​ន កឺ​ប៊ី (John Kirby) បាន​វាយបក​វិញ​ភ្លាមៗ ដោយ​និយាយថា រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ​ដឹង​ច្បាស់​ថា​ការកាត់ប​ន្ថ​យ​ទិន្នផល​ប្រេង​”​នឹង​បង្កើន​ប្រាក់ចំណូល​របស់​​រុស្ស៊ី​និង​ធ្វើឱ្យ​ទណ្ឌកម្ម​លែង​មាន​ប្រសិទ្ធភាព​”​។​

​សហរដ្ឋ​អាម៉េរិក​បាន​ប្តេជ្ញា​វាយតម្លៃ​ឡើងវិញ​នូវ​ទំនាក់ទំនង​ជាមួយ​នគរ​សម្បូរ​ប្រេង​មួយ​នេះ ចាប់តាំងពី​ការកាត់បន្ថយ​ប្រេង​នេះ​ត្រូវ​គេ​មើលឃើញថា​ជា​ការ​ទះកំផ្លៀង​ការទូត​លើ​មុខ​ប្រធានាធិបតី ចូ បៃ​ដិន​។​

​ទោះបីជា​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​នេះ​ក្លាយជា “​ប្រទេស​ក្រៅ​សង្គម​” នៅលើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​ការធ្វើឃាត​អ្នកកាសែត ចា​ម៉ាល់ ខា​សូក​ជី (Jamal Khashoggi) ក៏ដោយ​ក៏​លោកបៃ​ដិន​​នៅ​តែ​ធ្វើ​ដំណើរ​ទៅកាន់​អា​រ៉ាប៊ីសាអូឌីត​ក្នុង​ខែកក្កដា ហើយ​បាន​ចូលគាល់​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ (Mohammed bin Salman)​ដោយ​អ្នក​ទាំង​ពីរ​បាន​ស្វាគមន៍​គ្នា​ទៅវិញទៅមក​​ដោយ​ជល់​កណ្តាប់ដៃ​គ្នា​ដ៏​ល្បី​កក្រើក​។​

​លោកបៃ​ដិនជល់​កណ្តាប់ដៃ​ជាមួយ​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់​កាលពី​ខែ​សីហា​កន្លងទៅ ។​បៃ​ដិន​ប្តេជ្ញា​សង​ទៅ​អា​រ៉ាប៊ីសាអូឌីត​វិញ​ក្រោយ OPEC+​ធ្វើការ​សំរេចចិត្ត​ដែល​ធ្វើអោយ​អាម៉េរិក​ខកចិត្ត​

​លោក​កឺប៊ី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ធ្ងន់ៗ​មិនធម្មតា​ថា ការសម្រេចចិត្ត​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​របស់​អង្គការ OPEC គឺជា “​ការគាំទ្រ​ផ្នែក​ស្មារតី​និង​យោធា ព្រោះ​វា​អនុញ្ញាត​ឱ្យ (​ពូ​ទីន​)​បន្ត​​ផ្តល់​មូលនិធិ​ដល់​ក្បាលម៉ាស៊ីន​សង្គ្រាម​របស់គាត់​”​។​

​វា “​ពិតជា​បាន​ផ្តល់ឱ្យ​…​លោកពូ​ទីន​នូវ​អារម្មណ៍​លួងលោម​”​។​

​លោក​កឺប៊ី​បាន​បន្ថែមថា បណ្តា​ប្រទេស OPEC+ ផ្សេងទៀត “​មាន​អារម្មណ៍​ត្រូវ​គេ​បង្ខិតបង្ខំ​ឱ្យ​គាំទ្រ​ទិសដៅ​របស់​រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ​” ដោយ​ចោទប្រកាន់​អា​រ៉ាប៊ីសាអូឌីត​ថា “​ក្របួច​ដៃ​គេ​ដើម្បី​​ទទួលបាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន​”​។​

​ការកាត់បន្ថយ​ប្រេង​បាន​កើត​ឡើង​នៅ​គ្រា​ដ៏​រសើប​មួយ​សម្រាប់​លោកបៃ​ដិន ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិដ៏​លំបាក​ក្នុង​ខែវិច្ឆិកា ដោយ​ការកើនឡើង​តម្លៃ​ទំនិញប្រើប្រាស់ ជាពិសេស​ប្រេង បាន​ក្លាយ​ជា​កង្វល់​សំខាន់​សម្រាប់​អ្នក​បោះឆ្នោត​។​

​នៅពេល​សួរ​អំពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ លោកបៃ​ដិនបាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុ​ង​ឡូ​សអាន់​ជេ​ឡេស​ថា “​យើង​ហៀបនឹង​និយាយ​ជាមួយ​ពួកគេ​ហើយ​”៕

​អង្គការ OPEC+​កាលពី​ថ្ងៃ​៥​តុលា​បាន​យល់ព្រម​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ច្រើន​បំផុត​គិត​ចាប់តាំងពី​វិបត្តិកូ​វីដ​១៩​ឆ្នាំ​២០២០