​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ ត្រូវបាន​ស្រង់​សម្តី​ដោយ​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​ថា គោលដៅ​នៃ “​ប្រតិបត្តិការ​យោធា​ពិសេស​” របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែន​គឺ​មិន​ផ្លាស់ប្តូរ​ទេ ប៉ុន្តែ​គោលដៅ​ទាំងនោះ​អាច​សម្រេច​បាន​តាមរយៈ​ការចរចា​។​

​ការអត្ថាធិប្បាយ​ទៅកាន់​កាសែត​រុស្ស៊ី Izvestia គឺជា​សេចក្តីថ្លែងការណ៍​ចុងក្រោយ​បង្អស់​ក្នុង​សប្តាហ៍​នេះ ដោយ​សង្កត់ធ្ងន់​លើ​ការបើក​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចំពោះ​កិច្ចចរចា​ពោល​ជាការ​​ផ្លាស់ប្តូរ​បន្ទន់​សំឡេង​ដែល​បាន​កើតឡើង​បន្ទាប់​ពី​បរាជ័យ​ដ៏​អាម៉ាស់​សម្រាប់​កងកម្លាំង​រុស្ស៊ី ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ជិត​ឈានដល់​ចុងបញ្ចប់​នៃ​ខែ​ទី​ប្រាំបី​របស់ខ្លួន​។

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ 

​លោកប៉េ​ស្កូវ​ត្រូវបាន​ស្រង់​សម្តី​ថា “​ទិសដៅ​មិនបាន​ផ្លាស់ប្តូរ​ទេ ប្រតិបត្តិការ​យោធា​ពិសេស​នៅ​តែ​បន្ត វា​នៅតែ​បន្ត​ដើម្បី​ឱ្យ​យើង​សម្រេចបាន​នូវ​គោលដៅ​របស់​យើង​។ ទោះ​យ៉ាងណា​យើង​បានបញ្ជាក់​​ម្តង​ហើយ​ម្តងទៀត​ថា យើង​នៅ​តែ​បើកចំហ​ចំពោះ​ការចរចា ដើម្បី​សម្រេចបាន​នូវ​វត្ថុបំណង​របស់​យើង​”​។​

​ទោះយ៉ាងណា លោកប៉េ​ស្កូវ​បាន​បន្ថែមថា លោក​មិន​ឃើញ​ការរំពឹង​ទុក​ណាមួយ​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​លោក​ខាងលិច​នា​ពេល​ខាង​មុខ​នោះ​ទេ ដោយសារ​តែ​អាកប្បកិរិយា “​អរិភាព​”​របស់​ពួកគេ​ចំពោះ​​រុស្ស៊ី​។​

​លោកប៉េ​ស្កូវ​បាន​ប្រាប់​ទូរទស្សន៍ Khabar 24 របស់​កា​ហ្សាក់​ស្ថានថា “​វា​ត្រូវការ​ភាគី​ពីរ​ដើម្បី​ធ្វើ​ការសន្ទនា​។​ខណៈ​លោកខាងលិច​កំពុង​ប្រកាន់​ជំហរ​អរិភាព​យ៉ាងខ្លាំង​ចំពោះ​ពួកយើង វា​មិន​ទំនង​ថា​​នឹង​មាន​ការរំពឹងទុក​បែប​នោះ​ក្នុង​អនាគត​ដ៏​ខ្លី​នោះ​ទេ​”​។​

“​យ៉ាងណាក៏ដោយ តួ​ក​គី​ក៏ដូចជា​ប្រទេស​មួយចំនួន​ទៀត​បាន​បន្ត​ព្យាយាម​សម្រុះសម្រួល​តាម​មធ្យោបាយ​មួយចំនួន​”​។​

​ខណៈ​រុស្ស៊ី​បាន​និយាយ​ពីមុន​ថា ខ្លួន​បាន​ត្រៀមលក្ខណៈ​ក្នុង​ការចរចា ការនិយាយ​យោង​ម្តង​ហើយ​ម្តងទៀត​នៅ​សប្តាហ៍​នេះ​ចំពោះ​លទ្ធភាព​នៃ​ការសន្ទនា​គឺ​ពិតជា​មាន​ភាព​ទាក់ទាញ​ណាស់​។​

​រដ្ឋមន្ត្រីការបរទេស​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បើកចំហ​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​លោក​ខាងលិច​ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​​នេះ​ថា​ជា “​ការនិយាយ​ចោល​”​។​

​លោក​ឡាវ​រ៉ូវ​បាន​ត្រឡប់​ទៅ​រក​បញ្ហា​នេះ​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្រាប់​កាសែត Izvestia​ថា “​យើង​នឹង​មិន​ដេញ​តាម​នរណាម្នាក់​ដើម្បី​សុំ​ការចរចា​ទេ​។ ប្រសិនបើ​មាន​សំណើ​ជាក់លាក់​ណាមួយ យើង​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ពិចារណា​វា​”​។​

​លោក​បាន​បន្ថែមថា “​នៅពេលណា​ដែល​យើង​ទទួលបាន​សញ្ញា​ខ្លះ​ហើយ​នោះ យើង​នឹង​ត្រៀម​ខ្លួន​ដើម្បី​ពិចារណា​វា​”​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ច្រានចោល​ការចរចា​ជាមួយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បន្ទាប់​ពី​រុស្ស៊ី​បានប្រកាស​ការ​កាត់​យក​តំបន់​អ៊ុយ​ក្រែន​ចំនួន​បួន​កាលពី​ខែ​មុន និង បាន​បាញ់​មី​ស៊ី​ល​ស្រោច​មកលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែន​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​មានការ​វាយប្រហារ​លើ​ស្ពាន​ដ៏​សំខាន់​មួយ​រវាង​រុស្ស៊ី​និង​តំបន់​គ្រីមេ​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ច្រានចោល​ការចរចា​ជាមួយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បន្ទាប់​ពី​រុស្ស៊ី​បានប្រកាស​ការ​កាត់​យក​តំបន់​អ៊ុយ​ក្រែន​ចំនួន​បួន​កាលពី​ខែ​មុន