ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ផ្លូវបេតុងឆ្អឹងដែក លើខ្នងទំនប់អាងត្រពាំងថ្ម ដោយប្តូរពីគម្រោងចាក់កៅស៊ូ មកចាក់បេតុង កម្រាស់ ០,២ ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមាន ប្រវែងសរុប ២១ គីឡូ ម៉ែត្រជំនួសវិញ មកដល់ពេលនេះ អនុវត្តបានប្រវែង ១១.៧៦៥ ម៉ែត្រ ទទឹង ៣ ម៉ែត្រ (មួយចំហៀងនៃផ្លូវ) ហើយ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថាៈ ការស្ថាបនាផ្លូវបេតុងឆ្អឹងដែក លើផ្លូវទំនប់អាងត្រពាំងថ្ម គិតមកដល់ថ្ងៃទី១៣ ខែតុលា អនុវត្តបានប្រវែង ១១.៧៦៥ ម៉ែត្រ ទទឹង ៣ ម៉ែត្រ (មួយចំហៀងនៃផ្លូវ)​កម្រាស់ ០,២ ម៉ែត្រ ។ ផ្លូវដែលត្រូវចាក់បេតុងនេះ មានប្រវែង ២១ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ។

ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ ការងារធ្វើគ្រឹះផ្លូវចងដែក និងវ៉ៃពុម្ព ដំណើរការដោយ រលូន តែមានយឺតយ៉ាវផ្នែកចាក់បេតុង ដោយសារមានភ្លៀងធ្លាក់ច្រើន ញឹកញាប់ ស្ទើររាល់ថ្ងៃ ធ្វើឱ្យរាំងស្ទះ ដល់ការដឹកជញ្ជូនបេតុង មកពីឆ្ងាយ មូលហេតុរថយន្ត មិនអាចធ្វើចរាចរ នៅពេលមានភ្លៀង ផ្លូវដីរអិល និងជាប់ផុង។ គម្រោងសាងផ្លូវបេតុងនេះ ត្រូវប្រើពេលយូរជាង ការចាក់កៅស៊ូ តែវាមានគុណភាណល្អ សម្រាប់ការប្រើប្រាស់ បានយូរអង្វែង ទាំងផ្លូវ​និងទំនប់ របស់អាងទឹក។ គម្រោងនេះ ពីដំបូង ត្រូវចាក់ក្រាល កៅស៊ូទេ។

គម្រោងសាងសង់ផ្លូវ ខាងលើជាបន្ទាន់ ដោយក្រសួងធនធានទឹក និងឧតុនិយមនេះ បន្ទាប់ពីប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអ្នករស់នៅ និងប្រើប្រាស់ ផ្លូវនេះផ្ទាល់ បានស្នើសុំសម្តេចតេជោ នៅក្នុងឱកាសសម្តេច អញ្ជើញចូលរួមក្នុងកម្មវិធី​ទិវាមច្ឆាជាតិ នៅអាងត្រពាំងថ្ម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ រួចមក។ គម្រោងខាងលើនេះ តាមពិត ត្រូវចាក់កៅស៊ូ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ តែដោយសារមាន ការប្រទាញប្រទង់គ្នា​ ជាមួយនឹងស្ថាប័នជំនាញផ្សេងទៀត ទើបធ្វើឱ្យការសាងសង់ផ្លូវនេះ ខកខានរហូតដល់ពេលនេះ៕/V-PC