ដោយៈ ប.ខុន / ភ្នំពេញៈ វិសម្ពាធ (D) នៅក្នុងសមុទ្រចិនខាងត្បូង អាចវិវត្តទៅជា កូនព្យុះទី១៩ មួយរយៈពេលខ្លី នៅពេលវាដើរទៅដល់ឆ្នេរក្រោម ភាគកណ្តាលរបស់ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី១៤ ខែតុលា នេះ។ ពេលនេះ នៅភាគឦសាន នៃប្រទេសកម្ពុជា មានអាកាសធាតុត្រជាក់ និងភ្លៀងផ្សែងក្រូច ជាមួយផ្ទៃមេឃ គ្មានពន្លឺថ្ងៃ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថាៈ វិសម្ពាធ (D) នៅក្នុងសមុទ្រចិនខាងត្បូង អាចវិវត្តទៅជាកូនព្យុះទី១៩  នៅពេលវាដើរដល់ឆ្នេរក្រោម ភាគ កណ្តាលរបស់ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី១៤ ខែតុលា ហើយរលាយទៅវិញ នៅពេលឡើងគោក បានបន្តិច។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ពេលនេះ នៅភាគឦសាន ប្រទេសកម្ពុជា បានទទួលឥទ្ធិពលពីបាតុភូតនេះ អាកាសធាតុ ចុះត្រជាក់ និងមានភ្លៀង ផ្សែងក្រូច។ នៅពេលបាតុភូតនេះ រលាយ នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លះៗ នៅក្នុងប្រទេស កម្ពុជា ក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីខេត្តកំពង់ធំ ទៅភាគខាងជើង (តំបន់ខ្ពង់រាប និង
ទំនាបកណ្តាល​ភាគពាយព្យ) និងមានភ្លៀងធ្លាក់កម្រិតពីតិចទៅមធ្យម នៅភាគខាងត្បូង ដោយភ្លៀង ចាប់ផ្តើមមានធ្លាក់រាយប៉ាយ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦​ ខែតុលា។

លោក​ចាន់ ប៊ុនធឿន អតីតប្រធានមន្ទីរធនធានទឹក ខេត្តរតនគិរី បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៤ ខែតុលាថាៈ អាកាសធាតុចុះត្រជាក់ និងមានភ្លៀងផ្សែងក្រូច ជាមួយនឹងផ្ទៃ​មេឃ គ្មានពន្លឺថ្ងៃ តែមិនមានខ្យល់បក់បោកខ្លាំងទេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករ ស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ថាៈ ព្រះរាជាណាចក្រកម្ពុជា​ បន្តទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ។ តែនៅប៉ែក ខាងក្រោម (ត្បូង) ទទួលរងឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាបខ្សោយ ដែលអូសបន្លាយ កាត់លើចុងខាងត្បូង នៃដីសណ្តមេគង្គ ធ្វើឱ្យបណ្តាខេត្ត នៅភាគខាងលើ (ជើង) និងភាគពាយ័ព្យ មានភ្លៀង នៅក្នុងកម្រិតតិចតួច  តែនៅរាជធានី និងបណ្តាខេត្តភាគ​ខាងក្រោម អាចមានភ្លៀងធ្លាក់​ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឱ្យបណ្តាខេត្តតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ។បណ្តាខេត្តនៅភាគខាងជើងនិងភាគពាយ័ព្យអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច។ដោយឡែករាជធានីនិង បណ្តាខេត្តភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី២១ទៅ២៣អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ។អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ។សីតុណ្ហភាពអតិបរមាមានពី២៩ទៅ៣១អង្សាសេ។អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ៕/V-PC