​ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ដល់​រដ្ឋសភា ដែល​តែងតែ​បង្ហាញ​ការប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុង​កិច្ច​ការបម្រើ​ប្រទេសជាតិ និង​ផ្ដល់​ការគាំទ្រ គ្រប់បែបយ៉ាង ដល់​រាជរដ្ឋាភិបាល ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​អញ្ជើញ​ចូលរួម​សម័យប្រជុំ​លើក​ទី ៨ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២២ ដែល​របៀបវារៈ​នៃ​កិច្ចប្រជុំ គឺ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លើ​ការបំពេញបន្ថែម សមាសភាព​សមាជិក នៃ​រាជរដ្ឋាភិបាល ដល់​លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងបន្តថាៈ អនុលោម​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ព្រះរាជក្រម​ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់ ស្ដីពី​ការរៀបចំ និង​ប្រ ព្រឹ​ត្ត​ទៅ នៃ​គណៈរដ្ឋមន្ត្រី​, ព្រះរាជក្រឹត្យ ស្ដីពី​ការចាត់តាំង នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ព្រះរាជក្រឹត្យ​ស្ដីពី ការតែងតាំង​រាជរដ្ឋាភិបាល នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​, ព្រះរាជក្រឹត្យ​ស្ដីពី ការតែងតាំង និង​កែសម្រួល​សមាសភាព រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោងតាម​តម្រូវការ​ចាំបាច់ ក្នុង​ការជំរុញ​អនុវត្ត​កម្មវិធី នយោបាយ​របស់ រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​, ក្នុងនាម​ជា នាយករដ្ឋមន្ត្រី សម្ដេច​តេ​ជោ ហ៊ុន សែន បានស្នើ​រដ្ឋសភា ពិនិត្យ​និង​បោះឆ្នោត ផ្ដល់​សេចក្ដីទុកចិត្ត​របស់រ​ដ្ឋ​សភា លើ​ការបំពេញបន្ថែម សមាជិក​រាជរដ្ឋាភិបាល ដល់​លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​គួរបញ្ជាក់​ជូន​ថា សមាជិក​-​សមាជិកា​រដ្ឋសភា ចំនួន ១១១ សំឡេង លើ ១១១ រូប ដែល​បាន​ចូលរួម​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា បាន​បោះឆ្នោត​ផ្ដល់​សេចក្តីទុកចិត្ត លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី ១៤ ខែ តុលា​នេះ ។​

​សូមជម្រាបថា លោក ឌិ​ត ទីណា ជា​អតីត​រដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល ត្រូវបាន​រាជរដ្ឋាភិបាល ស្នើសុំ​រដ្ឋសភា​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជំនួស​លោក វេ​ង សាខុន ដែល​ត្រូវ​បានបញ្ចប់​មុខតំណែង កាលពី​ថ្ងៃទី ៨ ខែតុលា ហើយ​ត្រូវបានតែងតាំង​ជា រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី​៕/V​

លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ