ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ បានទទួលជួបសម្ដែងការគួរសម ជាមួយលោក អាន់ឌ្រីយ៉ាស វីរ៉ាស (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប។

ក្នុងឱកាសនោះ លោកអភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប បានថ្លែងនូវការ អរគុណលោក ម៉ែន​វិបុល​អភិបាលខេត្ត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅក្នុងជំនួបនាថ្ងៃនេះ ដែលលោក និងក្រុមការងារទទួលបាននូវធាតុចូលជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍ ស្ថានភាពវិនិយោគ និងសក្ដានុពលសំខាន់ៗនានារបស់ខេត្ត ហើយលោកនឹងនាំយក ព័ត៌មានទាំងនេះ ជូនដល់អ្នកវិនិយោគ ដើម្បីសិក្សាពីឱកាស ក្នុងការវិនិយោគ នៅខេត្តស្វាយរៀង ។

មានប្រសាន៍ទៅកាន់លោកអភិបាលក្រុងឡាណាកា លោក ម៉ែន វិបុល បានបញ្ជាក់ជូនអំពី ស្ថានភាពទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាដើម ជាពិសេស ខេត្តបានក្លាយជាប្រភពការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានា ជាច្រើនទៀត ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត​បានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាល ខេត្តស្វាយរៀង នាពេលកន្លងមក​ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសការសម្រេចបាននូវភាពស៊ាំសហគមន៍ គ្របដណ្ដប់ ពេញលេញនៅទូទាំងខេត្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំង យ៉ាងហោច ៣ ដូស ជូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ដូសទី៤ និងដូសទី៥ បន្ថែមទៀត ស្របតាមការដឹកនាំ និងណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។

ជាចុងបញ្ចប់ លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះលោកអភិបាល ក្រុងឡាណាកា នៃសាធារណរដ្ឋសុីប ដែលបានឆ្លៀតពេលវេលា អញ្ជើញមកទស្សនកិច្ច ខេត្តស្វាយរៀង​ដេីម្បីសិក្សាស្វែងយល់ ពីសក្តានុពលពាណិជ្ជកម្ម​និងការវិនិយោគ ។​ ក្នុងនាម រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់ថា ក្រុងឡាណាការ នៃសាធារណរដ្ឋស៊ីប នឹងក្លាយជា ដៃគូដ៏ល្អ មកបណ្តាក់ទុនវិយោគ​នៅលេីទឹកដីខេត្តស្វាយរៀង នាពេលខាងមុខ។

អញ្ជេីញចូលរួម ក្នុងឱកាសនោះដែរ រួមមាន ប្រតិភូអមដំណេីរលោកអភិបាល ក្រុងឡាណាកា​ លោកអភិបាលរងខេត្តស្វាយរៀង​ លោកប្រធានមន្ទីរសាធារការ​ និងដឹកជញ្ជូនខេត្ត​ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត​លោកប្រធានសភាពាណិជ្ជកម្មខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕ V / N