​ប្រែ​សម្រួលៈ​បំណង​(Xinhua)៖ ការលក់​រថយន្ត​នៅ​ចិន​បាន​កើន​២៥,៧​ភាគរយ​ធៀប​នឹង​ការលក់​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន រហូត​ដល់​ចំនួន​២,៦១​លាន​គ្រឿង​នៅ​ខែ​កញ្ញា​កន្លងទៅ​ នេះ​បើ​តាម​ទិន្នន័យ​មក​ពី​សមាគមន​ឧស្សាហករ​យានយន្ត​ចិន​។​

​សមាគម​បាន​អោយដឹងថា ផលិតកម្ម​រថយន្ត​កា​លពី​ខែ​មុន​មាន​ចំនួន​២,៦៧​លាន​គ្រឿង ដោយ​កើន​២៨,១​ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១​។​

​សូមបញ្ជាក់​ថា នៅ​ប្រាំបួន​ខែ​មកនេះ រថយន្ត​១៩,៤៧​លាន​គ្រឿង​ត្រូវ​បាន​លក់​ចេញ​នៅក្នុង​ប្រទេស​ចិន កើន​៤,៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ក្នុងពេល​ជាមួយគ្នា ចំនួន​រថយន្ត​អគ្គិសនី​ចុះបញ្ជី​ថ្មី​នៅ​ចិន​នារយៈពេល​ប្រាំបួន​ខែ​មកនេះ បាន​កើនឡើង​ជិត​ពីរ​ដង​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន ។​

​បើ​តាម​ក្រសួង​សន្តិសុខ​សាធារណៈចាប់ពី​ខែ​មករា​ដល់​ខែ​កញ្ញា​កន្លងទៅ រថយន្ត​អគ្គិសនី​ចំនួន​៣,៧១​លាន​គ្រឿង​ត្រូវ​បាន​សុំ​ចុះបញ្ជី​សំរាប់ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ដោយ​កើន​៩៨,៤៨​ភាគរយ ធៀប​នឹង​​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១​។​

រថយន្ត​អគ្គិសនី​តំណាងអោយ​២១,៣៤​ភាគរយ​នៃ​យានយន្ត​ចុះបញ្ជី​ថ្មី​ទាំងអស់​។​

​គិត​ត្រឹម​ចុង​ខែ​កញ្ញា ចិន​មាន​រថយន្ត​អគ្គិសនី​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​សរុប ១១,៤៩​លាន​គ្រឿង តំណាងអោយ​៣,៦៥​ភាគរយ​នៃ​រថយន្ត​សរុប​ក្នុងប្រទេស​ចិន​៕

​ខាងក្រោម​នេះ​ជា​រថយន្ត​អគ្គិសនី​ផលិត​ចេញពី​រោងចក្រ​ចិន​មួយ​នៅ​ក្រុង វូ​ហ៊ូ ក្នុង​ខេត្ត​អាន​ហ៊ូ​យ ។​រយៈពេល​ប្រាំពីរ​ខែ​ដើមឆ្នាំ រោងចក្រ​ផលិត​បាន​រថយន្ត​អគ្គិសនី​១៥៦.១០០​គ្រឿង ដោយ​កើន​១៣០,២​ភាគរយ រីឯ​ការលក់​ចេញ​បាន​ចំនួន​១៣៧.៩០០​គ្រឿង កើន​៣៦,៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន