​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​នឹង​ឆ្លង “​ខ្សែបន្ទាត់​សំខាន់​មួយ​” ប្រសិនបើ​គាត់​បញ្ជា​ឱ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នៅ​អ៊ុ​យក្រែន ខណៈ​ទាំង​សម្ពន្ធភាព​យោធា​នេះ​និង​រុស្ស៊ី​គ្រោង​នឹង​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​នៅក្នុង ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​អង្គការ​ណា​តូ​នឹង​ធ្វើ​សមយុទ្ធ​របស់​ខ្លួន ឈ្មោះថា Steadfast Noon នៅ​សប្តាហ៍​ក្រោយ​។ សមយុទ្ធ​ដែល​បានគ្រោង​ទុក​ជា​យូរ​នេះ​ត្រូវ​ធ្វើ​នៅ​រង្វង់​ពេលវេលា​ដូចគ្នា​ជា​រៀងរាល់ឆ្នាំ ហើយ​ដំណើរការ​ប្រហែល​មួយ​សប្តាហ៍​។ ពួក​វា​ពាក់ព័ន្ធ​នឹង​យន្តហោះ​ចម្បាំង​ដែល​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹង​គ្រាប់បែក​ពិត​នោះទេ​។​

​ជាធម្មតា រុស្សី​ក៏​ធ្វើ​សមយុទ្ធ​ផ្ទាល់​ខ្លួន​ក្នុងពេល​ដូចគ្នានេះដែរ ហើយ​ណា​តូ​រំពឹង​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​ធ្វើ​សមយុទ្ធ​កងកម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន ក្នុងពេល​ណាមួយ​ក្នុង​ខែ​នេះ​។​លោក​ស្តូល​ធិន​បឺក​​បាន​និយាយថា ណា​តូ​នឹង “​តាមដាន​យ៉ាង​ដិតដល់​” នូវ​អ្វី​ដែល​រុស្ស៊ី​ហៀបនឹង​ធ្វើ​។​

​នៅពេល​សួរ​ថា​តើ​ណា​តូ​នឹងធ្វើ​អ្វី ប្រសិនបើ​រុស្ស៊ី​បើក​ការវាយប្រហារ​នុយក្លេអ៊ែ​រ លោក​ស្តូល​ធិន​បឺក​និយាយថា “​យើង​នឹង​មិន​និយាយ​ឱ្យ​ចំ​ពី​របៀប​ដែល​យើង​នឹង​ឆ្លើយតប​នោះទេ ប៉ុន្តែ​ពិត​ណាស់​នេះ​នឹង​​ផ្លាស់ប្តូរ​ចរិត​នៃ​ជម្លោះ​។ វា​នឹង​មានន័យថា ខ្សែបន្ទាត់​ដ៏​សំខាន់​ត្រូវ​បាន​ឆ្លងកាត់​”​។​

​លោក​បាន​បន្ថែមថា “​សូម្បី​តែ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ដ៏​តូច​មួយ​ក៏​នឹង​ក្លាយជា​រឿង​ធ្ងន់ធ្ងរ​ដែរ ដោយ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នូវ​ចរិត​នៃ​សង្គ្រាម​នៅ​អ៊ុ​យក្រែន ហើយ​ពិត​ណាស់​វា​នឹង​មាន​ផលវិបាក​”​។​

​ការកត់សម្គាល់​របស់​លោក​ស្តូល​ធិន​បឺ​ក​បាន​ធ្វើឡើង បន្ទាប់ពី​កិច្ចប្រជុំ​នៃ​ក្រុម​ផែនការ​នុយក្លេអ៊ែរ​សម្ងាត់​របស់​អង្គការ​ណា​តូ ដែល​បាន​ធ្វើឡើង​ក្នុងចំណោម​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ទីក្រុង​ព្រុច​សែ​ល ខណៈ​ការព្រួយបារម្ភ​កាន់តែ​មាន​ខ្លាំង​ឡើង​ជុំវិញ​ការនិយាយ​ដដែលៗ​របស់​លោក​ពូ​ទីន​ថា​លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ចាំបាច់​ដើម្បី​ការពារ​ទឹកដី​រុស្ស៊ី​៕

​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក​

Steadfast Noon ២០២២​នឹង​ទាក់ទាញ​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​មកពី​ប្រទេស​ជា​សមាជិក​ណា​តូច​១៤​ប្រទេស​