ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយក ស្បៀងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ ចំនួន ៤៥០ គ្រួសារ រស់នៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ​ ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថាៈ សម្រាប់ស្រុកកំពង់ស្វាយ គឺមាន ៥ ឃុំ ស្មើនឹង ៣៤ ភូមិ ប្រជាពលរដ្ឋ ចំនួន ១.៨៩១ គ្រួសារ រងគ្រោះ និងខ្វះខាត ស្បៀង ដោយសារទឹកជំនន់ទឹកភ្លៀង រួមមាន នៅឃុំកំពង់ស្វាយ ឃុំព្រៃគុយ ឃុំក្តីដូង ឃុំកំពង់គោ និងឃុំផាត់សណ្ដាយ ។

ជាមួយគ្នានេះដែរ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថាៈ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តតាមដានយកចិត្តទុកដាក់អំពីព័ត៌មានអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ព្រោះមានភ្លៀង ធ្លាក់ឥតឈប់ឈរ។ កត្តាទាំងអស់នេះ បណ្ដាលឱ្យ ផ្លូវជនបទ ខូចអស់ជាង ៤០ គីឡូម៉ែត្រ ក្នុងស្រុកកំពង់ស្វាយ ដាច់ស្ពានចំនួន ២កន្លែង ចំពោះទឹកជំនន់ដែលបានហូរចូលក្រោមផ្ទះ ហូរកាត់ផ្លូវ ប៉ះពាល់ទៅដល់បងប្អូន ប្រជាពលរដ្ឋ នូវផលដំណាំផ្សេងៗ និងមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថាៈ សម្រាប់ថ្ងៃនេះ មានកម្មវិធីចែក ស្បៀងអាហារបន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ បានមួយកម្រិត។ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ការលំបាករបស់ បងប្អូនប្រជាពលរដ្ឋ មិនមែនជា លើកទីមួយនោះទេ ទីណាមានការលំបាក ដោយគ្រោះរាំងស្ងួត ទឹកជំនន់ និងបញ្ហាផ្សេងៗ ក្នុងសង្គម ។ លោកអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរស្រុក ក៏ដូចជា មន្ទីរជំនាញ ត្រូវសិក្សា អំពីផលប៉ះពាល់ដំណាំស្រូវ នៅក្នុងភូមិសាស្រ្ត ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំ ជូនដល់ប្រជាពលរដ្ឋ សម្រាប់ស្តារជីវភាពឡើងវិញ បន្ទាប់ពីទឹកបានស្រកទៅវិញ ។

លោក អភិបាលខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមការរស់នៅ ត្រូវមានអនាម័យ បីប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។ សូមចូលរួមទៅចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៤៥០ គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុង១ គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធផងដែរ៕/V