​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម៉ាស៊ីន​ថត​ឌីជីថល​ធំ​បំផុត​របស់​ពិភពលោក ដែល​នឹង​ចាប់​យក​រូបភាព​ប្លង់​ទូលាយ​បំផុត​មិន​ធ្លាប់​មាន​នៃ​ចក្រវាល​ត្រូវបាន​បង្ហាញ​ដោយ​អ្នកវិទ្យាសាស្ត្រ​​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​។​

​រូបថត​ថ្មី​បានបង្ហាញ​កែវយឹត​ស្ទង់​ប្លង់​ទូលាយ​ខ្នាត​ធំ (LSST) ដែល​ផលិត​ជិត​រួចរាល់​នៅ​មន្ទីរពិសោធន៍ SLAC National Accelerator Laboratory​របស់​នាយកដ្ឋាន​ថាមពល​នៅ​ទី​​ក្រុង​មិន​ឡូ​ផាក (Menlo Park) រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​កាមេរ៉ា​ទំហំ ៣.២០០ មេហ្គា​ភិ​ច​សែ​ល ដែល​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​ថត​ឃើញ​កូន​បាល់​វាយ​កូន​ហ្គោល​ពី​ចម្ងាយ ២៤ គីឡូម៉ែត្រ គឺ​មាន​ទំហំ​ប៉ុន​រថយន្ត SUV ខ្នាត​តូច​ខណៈ​កែវ​លែ​ន​របស់​វា​តែមួយ​​គ្រាប់​មាន​អង្កត់ផ្ចិត​ជាង ១,៥ ម៉ែត្រ​។​

​នៅពេល​ផលិត​រួច វា​នឹង​ថត​រូបភាព​ឌីជីថល​នៃ​ផ្ទៃមេឃ​ខាងត្បូង ដែល​អាច​មើលឃើញ​ច្បាស់​រៀង​រាល់​ពី​រ​បី​យប់​ម្តង​ពី​មណ្ឌល​សង្កេត Rubin Observatory នៅលើ​ភ្នំ​មួយ​ក្នុងប្រទេស​ស៊ី​លី ឬ ហៅថា Cerro Pachon​។​

​វា​នឹង​បង្កើត​នូវ​ការ​ស្ទាបស្ទង់​យ៉ាង​ទូលាយ ជ្រៅ​និង​ឆាប់រហ័ស​នៃ​ផ្ទៃមេឃ​ពេលយប់ ដោយ​តម្រៀប​តាម​កាតាឡុក​នូវ​ចំនួន​ផ្កាយ​និង​កាឡាក់ស៊ី​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​។​

​ថ្វីត្បិតតែ​ម៉ាស៊ីន​ថត​នេះ​មិនទាន់​ផលិត​រួច​ពេញលេញ​នៅឡើយ​ក៏​ពិត​មែ ប៉ុន្តែ​សមាសធាតុ​មេកានិច​ទាំងអស់​របស់​វា​ឥឡូវ​បាន​នៅ​ជាមួយ​គ្នា​រួច​អស់ហើយ​។​

​មន្ទីរពិសោធន៍ SLAC បាន​អញ្ជើញ​អ្នក​ថតរូប​ជាច្រើនរូប​ឱ្យ​មក​កាន់​បន្ទប់​ស្អាត​មួយ​នៅ​មន្ទីរពិសោធន៍ SLAC National Accelerator Laboratory​កន្លែង​ដែល​ម៉ាស៊ីន​ថត​ខ្នាត​យក្ស​​នេះ​ត្រូវបាន​ដាក់​ឱ្យ​ឃើញ​ជា​លើកដំបូង​។​

​វេបសាយ​របស់​ម៉ាស៊ីនថត​នេះ​បានសរសេរថា “​ម៉ាស៊ីន​ថត LSST របស់​មណ្ឌល​សង្កេត Rubin Observatory គឺជា​ម៉ាស៊ីន​ថត​ឌីជីថល​ធំ​បំផុត​មិន​ធ្លាប់​ផលិត​ពីមុនមក​”​។​

“​នៅ​ប្រវែង​ប្រហែល ៥,៥ ហ្វីត (១,៦៥ ម៉ែត្រ​) គុណ​នឹង ៩,៨ ហ្វីត (៣ ម៉ែត្រ​) វា​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ឡាន​តូច​មួយ​និង​មាន​ទម្ងន់​ជិត ៦.២០០ ផោន (២.៨០០ គីឡូក្រាម​)”​។​

​ម៉ាស៊ីន​ថត​នេះ​មាន Sensor ប្រភេទ CCD ចំនួន ១៨៩ គ្រាប់ ដែល​អាច​ផលិត​រូបភាព​ទំហំ ៣.២០០ មេហ្គា​ភិ​ច​សែល​ក្នុង​មួយសន្លឹក​៕

​ម៉ាស៊ីន​ថត LSST ត្រូវបាន​បង្ហាញ​នៅ​មណ្ឌល​សង្កេត Rubin Observatory ក្នុងប្រទេស​ស៊ី​លី​