ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី អ៊ុលគូ កូកាហ្វី ( Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជា ដើម្បីពិភាក្សាលើការបន្តលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែល្អប្រសើរថែមទៀតកាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២។

លោក រដ្ឋមន្រ្តី បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកកើតថ្មីៗ នៅកម្ពុជា ដែលអំណោផលសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការតាំងទីផលិតកម្ម និងការចូលរួមខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។ ក្នុងន័យនេះ លោកបានស្នើឱ្យលោកស្រី បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។ បន្ថែមលើនេះ ឯកឧត្តមបានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាល។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះសន្ទុះនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាពធន់នៃសេដ្ឋកិច្ច និងភាពអាចផ្គត់ផ្គង់ដោយខ្លួនឯងបានតាមរយៈអតិរេកស្បៀងបម្រុងរបស់កម្ពុជា ត្បិតក្នុងវិបត្តិនានាក្នុងពិភពលោក។ ជាមួយគ្នានេះ លោកស្រីក៏បានបង្ហាញអំពីឆន្ទៈនិងគោលជំហរដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។

លោកស្រីបានជម្រាបជូនថា នឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលកិច្ចប្រជុំលើកទី៣ នឹងគ្រោងធ្វើនៅរាជធានីភ្នំពេញ នាពេលខាងមុខ។ ចាប់តាំងពីឆ្នាំ២០១៥មក គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យអាទិភាព រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម សុខាភិបាល ឧស្សាហកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។-ល-។

កាលពីឆ្នាំ ២០២១ ពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានទំហំប្រមាណ ៩០ លានដុល្លារអាមេរិក និងដោយឡែក ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៥ លានដុល្លារអាមេរិក។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន៖ វាយនភណ្ឌនិងសម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿងបរិភោគ បរិធានអគ្គិសនី យានយន្ត រ៉ែ។-ល-៕/PC