ដោយៈ ជា សីហៈ/ភ្នំពេញៈ ស្ថិតនៅក្នុងគោលបំណងធ្វើពិពិធកម្មដំណាំកសិកម្មកម្ពុជា កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅកិច្ចប្រជុំអន្តរក្រសួងមួយបានត្រូវរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។

កិច្ចប្រជុំនេះបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ (Zoom) ដែលដឹកនាំដោយ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមានការអញ្ញើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងសាមីក្រសួង ដឹកនាំដោយ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើមី្បបន្តពិនិត្យ និងពិភាក្សាកែសម្រួលខ្លឹមសារដោយលម្អិតក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បន្ទាប់ពីបានដាក់ឆ្លងកិច្ចប្រជុំក្រុមការងារបច្ចេកទេសគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២កន្លងមក។ ជាលទ្ធផលកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើចំណុចមួយចំនួនតាមរបៀបវារៈដែលបានគ្រោងទុក ហើយខ្លឹមសារដែលនៅសល់នឹងត្រូវដាក់ក្នុងកិច្ចប្រជុំបន្ទាប់នាពេលក្រោយ៕/PC