ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា លោក សុខ សូកាន បានជំរុញលើកទឹកចិត្តឲ្យសិក្ខាកាម ប្រឹងប្រែងដុសខាត់សមត្ថភាព ត្រៀមប្រឡង យកសញ្ញាបត្រ និងទទួលស្គាល់ពីសហព័ន្ធកីឡាអាស៊ី និងពិភពលោក ក្នុងនាមជា អាជ្ញាកណ្តាលកម្ពុជា ដើម្បីចូលរួមកាត់សេចក្តីការប្រកួត កម្រិតជាតិអន្តរជាតិ ជាពិសេស ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៤ ខែតុលា នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកបានបន្តថាៈ បច្ចុប្បន្ន សហព័ន្ធ មានតែអាជ្ញាកណ្ដាលកម្រិតជាតិ និងថ្នាក់ខេត្ត​ប៉ុណ្ណោះ និងមានអាជ្ញាកណ្តាលថ្នាក់អាស៊ីតែមួយរូប គឺលោក ឆាយ សឿន ។ ដូច្នេះ សហព័ន្ធ ជំរុញលើកទឹកចិត្តឲ្យសិក្ខាកាម ដែលទើបបញ្ចប់វគ្គសិក្សា សូមបន្តឈានទៅរៀន វគ្គបណ្តុះបណ្តាល កម្រិតអន្តរជាតិ នាពេលខាងមុខ ដើម្បីឲ្យកម្ពុជា មានអាជ្ញាកណ្តាល កម្រិតអន្តរជាតិច្រើន។ ឥឡូវ ឃើញថា ផ្នែកភាសាបរទេស ប្រជាពលរដ្ឋកម្ពុជា គឺអាចនិយាយបានច្រើន។ រីឯសិក្ខាកាមទាំងអស់ សុទ្ធតែមានចំណេះជំនាញស្រាប់ លើផ្នែកបច្ចេកទេស រួចជាស្រេច ដូច្នេះគ្រាន់តែពង្រឹងបន្ថែមទៅ នោះកម្ពុជា នឹងមានមន្ត្រីបច្ចេកទេស ឬអាជ្ញាកណ្ដាលគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួត ដោយខ្លួនឯង ទាំងថ្នាក់ជាតិ និងកម្រិតអន្តរជាតិ ជាពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ ។

ក្នុងនាម ប្រធានសហព័ន្ធ លោកប្ដេជ្ញាស្វែងរកការគាំទ្រ ពីសហព័ន្ធកីឡាប៉េតង់អាស៊ី ដើម្បីផ្តល់គ្រូជំនាញកម្រិតខ្ពស់ យកមកបណ្ដុះបណ្ដាល ជូនសិក្ខាកាមទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ឲ្យបាន ២​ ទៅ ៣ ដង ក្នុងមួយឆ្នាំ និងបញ្ជូនឲ្យចូលរួមកាត់សេចក្តី ការប្រកួតកម្រិតអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេស យកមកចែករំលែក ដល់សិក្ខាកាមក្នុងស្រុក។

លោកប្រធានសហព័ន្ធ បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ យកចំណេះដឹង ពីវគ្គបណ្តុះ បណ្តាលនេះ ទៅរៀបចំការប្រកួត និងកាត់សេចក្ដីឲ្យមានភាពសុក្រឹត យុត្តិធម៌ ដើម្បីចូលរួមកសាង នូវធនធានផ្នែកកីឡាប៉េតង់ ឲ្យបានច្រើន ជាពិសេសយុវជនវ័យក្មេង។ ក្នុងនោះដែរ លោកប្រធាន ក៏បានជំរុញឲ្យសម្ព័ន្ធ តាមបណ្តាខេត្ត ធ្វើការផ្ដល់ប៊ូលទៅដល់ តាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យផ្សេងៗ ដើម្បីលើកទឹកចិត្ត ឲ្យគាត់លេង កីឡាប៊ូល និងប៉េតង់ ឱ្យបានច្រើន។

វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមថ្នាក់ជាតិ និងថ្នាក់ខេត្ត ឆ្នាំ២០២២ ធ្វើឡើង រយៈពេល ៣ ថ្ងៃ ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយមានសិក្ខាកាម សរុប ៤១ នាក់ មកពីបណ្តារាជធានីខេត្ត ដែលជាសម្ព័ន្ធ និងក្លិបរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕/V