ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំយ៉ាងឧឡារឹក គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ខួប ១០ ឆ្នាំ (១៤ តុលា ២០១៥ – ២០២២) សាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។

ព្រះរាជពិធីនោះ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក​ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងមាននិមន្ត និងអញ្ជើញចូលរួម ដោយព្រះមេគណ មន្ត្រីសង្ឃ អាចារ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំង យាយជីតាជី សាស្ត្រាចារ្យ និស្សិត សិស្ស យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានអាននូវព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណា​​ ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

លោក អ៊ុំ រាត្រី បានថ្លែងថាៈ ប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា មានសេចក្តីតក់ស្លុត សោកស្តាយពន់ប្រមាណ ដោយកាលពីវេលាម៉ោងមួយ និងម្ភៃនាទី រំលងអធ្រាត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះរោគាពាធ នៅមន្ទីរពេទ្យនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

លោក អ៊ុំ រាត្រី បានថ្លែងបន្ថែមថាៈ ទូលព្រះបង្គំយើងខ្ញុំទាំងអស់នេះ គឺជាកូនចៅ នៅក្នុងខេត្តបន្ទាយមានជ័យ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមថ្វាយទៅព្រះ អតីតព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ សុំព្រះអង្គយាងទៅកាន់ ព្រះបរមសុខ ក្នុងសុគតិភព។ សូមឲ្យព្រះវិញ្ញាណក្ខន្ធដ៏ស័ក្ដិសិទ្ធិ ប្រកបដោយវឌ្ឍនភាព វិបុលភាព និងសេចក្ដីសុខក្សេមក្សាន្ត រុងរឿង យូរអង្វែង។

ចុងក្រោយនៃពិធី គណៈអធិបតី បានចែកជូននូវសំពត់ស និងថវិកាមួយចំនួន ដល់លោកតា លោកយាយ ដែលចូលរួមចំនួន ២០ នាក់៕/V-PC