ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់សំឡេងគាំទ្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២។

ការចេញព្រះរាជក្រឹត្យនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយសំឡេងយល់ព្រម១១១ សំឡេងលើ១១១
សំឡេង។

លោក ឌិត ទីណា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីការបញ្ចប់តំណែងលោក វេង សាខុន កាលពីថ្ងៃទី៨ ខែតុលា សប្តាហ៍មុន៕សរន / N