ដោយ៖ដេប៉ូ / ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាស ស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យ ចំពោះបេក្ខជន ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ដែលនឹងត្រូវប្រឡង នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

បើយោងតាមសេចក្តីប្រកាសនេះ បានបញ្ជាក់ពីគោលបំណងកំណត់ អំពីបទប្បញ្ញត្តិ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការរក្សារបៀបរៀបរយ ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ។ កាកំណត់អំពីសកម្មភាព សម្រាប់បេក្ខជន ដែលត្រូវអនុវត្ត ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការកំណត់អំពីសកម្មភាពដែលមិនត្រូវ អនុវត្ត និងកម្រិតវិន័យ ចំពោះបេក្ខជន ដែលប្រព្រឹត្តខុសឆ្គង ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ។

ជាមួយគ្នានេះ ក្នុងសេចក្តីប្រកាស ក៏បានកំណត់ពីបទប្បញ្ញត្តិ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិង ប្រការដែលបេក្ខជន ត្រូវអនុវត្ត មានដូចខាងក្រោម៖ ត្រូវមកដល់មណ្ឌលប្រឡង ឱ្យបានមុនដំណើរការប្រឡង និងត្រូវមកដល់មណ្ឌលប្រឡង ឱ្យ បានមុនបេក្ខជនទូទៅ ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងបេក្ខជនដែលមានកម្ដៅ លើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញា ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម… ដើម្បីទទួលការស្ទង់កំដៅ និងឆែកឆេរសំណៅ ឯកសារមុនគ និងដាច់ដោយឡែកពីគេ។

ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវ ពណ៌ស និងខោ សំពត់ ពណ៌ខៀវ ឬខ្មៅ ដាក់ក្នុងខោ ឬសំពត់ ឱ្យបានត្រឹមត្រូវ។ ត្រូវយកប័ណ្ណសម្គាល់ខ្លួនថ្នាក់ទី១២ ដែលមានបិទ រូបថត និងមានចុះហត្ថលេខានាយក នាយិកាសាលា បានត្រឹមត្រូវច្បាស់លាស់ ចំពោះបេក្ខជនចំណេះទូទៅ និងបេក្ខជនបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិន ចំណេះទូទៅ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ត្រូវយកសលាកបត្រឯកត្តជន ឬ ប័ណ្ណសម្គាល់ខ្លួនសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តជាដើម៕/V-PC