ដោយៈ យោធិន / កណ្តាលៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលផ្លូវបេតុង ចំនួន ២ខ្សែ នៅឃុំតាលន់ និងឃុំខ្ពប ស្រុកស្អាង ក្រោយស្ថាបនារួចរាល់ ខណៈដែលតំបន់ខ្លះ ប្រឈមនឹងទឹកជំនន់ទឹកភ្លៀង។

រូបថត ( លោក សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល )

លោក សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្អាង ខេត្តកណ្តាល បានបញ្ជាក់ថាៈ ផ្លូវបេតុងមួយខ្សែ ប្រវែង ១.៣០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំតាលន់ ដែលមានការតភ្ជាប់ពីឃុំត្រើយស្លា និងផ្លូវបេតុងមួយខ្សែទៀត មានប្រវែង ១.៥០០ ម៉ែត្រ នៅក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្ថាបនារួចរាល់។

លោកឧត្តម សែម សុវណ្ណនី បានឱ្យដឹងបន្ថែមទៀតថាៈ ផ្លូវទាំង ២ ខ្សែ ខាងលើនេះ គឺបានស្ថាបនាដោយកងកម្លាំងវិស្វកម្ម នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ហើយផ្លូវនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសបង្ករលក្ខណៈងាយស្រួល ក្នុងការដឹកទំនិញកសិផលកសិកម្ម របស់ពួកគាត់ ទៅកាន់ទីផ្សារ។ ប្រធានក្រុមការងារ បានបញ្ជាក់ថាៈ“ស្មោះត្រង់ជាមួយទេវតា គឺទេវតាជួយដូច្នេះហើយ”។

លោក សែម សុវណ្ណនី បានឱ្យដឹងដែរថាៈ ក្នុងភូមិសាស្ត្រស្រុកស្អាង ជាពិសេស នៅឃុំត្រើយស្លា ឃុំតាលន់ និងឃុំខ្ពប កន្លងទៅ ក្រុមការងារ បានស្ថាបនាផ្លូវបានជាង ១០ ខ្សែ ដែលមានប្រវែងជាង ២០ គីឡូម៉ែត្រ និងបានបំពាក់អំពូលសូឡា នៅតាមដងផ្លូវ ជាច្រើន ពាន់ដើមផងដែរ។ ដោយឡែក ផ្លូវបេតុងថ្មី ២ ខ្សែនេះ ក៏បានបំពាក់អំពូលសូឡា ​រួចរាល់ផងដែរ។

សូមបញ្ជាក់ថាៈ ក្នុងដំណើរចុះពិនិត្យផ្លូវបេតុង និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្រុមការងារ ក៏បាននាំយកក្រមា ចែកប្រជាពលរដ្ឋ តាមផ្ទះចំនួន ៤០០ នាក់ផងដែរ សម្រាប់ឃុំតាលន់។

នាថ្ងៃដដែលនេះដែរ ក្រុមការងារ ក៏បានឆ្លងទូកដរ​ទៅពិនិត្យមើលផ្លូវបេតុង នៅភូមិកោះថ្មី ឃុំខ្ពប និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដោយនាំយកការផ្តាំផ្ញើការសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ៦០ គ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងភូមិកោះថ្មី នេះផងដែរ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ ១០​គីឡូក្រាម មី១កេស និងទឹកស៊ីអ៊ីវ១យួរ។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋ តាមដងផ្លូវ ដោយមើលឃើញ ជាក់ស្តែង ផ្ទះលោកយាយ ប៊ុន​ញឹប អាយុ ៨៨ ឆ្នាំ ដែលមានជំងឺប្រចាំកាយផងនោះ ហើយផ្ទះត្រូវ របើកដំបូលផងនោះ លោកសែម សុវណ្ណនី បានឧបត្ថម្ភថវិកាចំនួន ៦០០ ដុល្លារ ដើម្បីសាងសង់ផ្ទះថ្មីជូនគាត់ និងបានឧបត្ថម្ភថវិកា ចំនួន ៥០០ ដុល្លារ ដល់សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន កោះថ្មី ដើម្បីចាក់ខ្សាច់បំពេញទីធ្លាសាលា កុំឱ្យទឹកលិច៕ V / N