ដោយៈ មុនីរ័ត្ន-ទេព កង្រី / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បញ្ជាក់ថាៈ “តម្លៃមហាសាលនៃសន្តិភាព ដែលប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលមនុស្សត្រូវការជាចំបាច់ សម្រាប់ដកដង្ហើម ដើម្បីរស់រានមានជីវិត”។ ការបញ្ជាក់នេះ ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹត្យប្រទានគោរមងារ ប្រគេនព្រះមេគណ ខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

រូបថត ( លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹតប្រទានគោរមងារ ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង )

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ ខុសពីការដឹកនាំ នៅក្នុងរបបប៉ុលពត រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខតែងបានអនុវត្តគោលនយោបាយ ប្រកបដោយធម៌ ជាកត្តាអាទិភាពចម្បង នៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់ ទាំងការសង្គ្រោះអាយុជីវិត, ការបង្កើតដង្ហើមសេដ្ឋកិច្ច, ការបង្កើនឱកាសការងារ, ការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិ សេរីភាពគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋ រហូតទទួលបានការស្រឡាញ់ជឿជាក់ និងក្តីទុកចិត្ត ជានិច្ចនិរន្តរ៍តរៀងមក។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះព្រះសេរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការ វត្តអារញ្ញិការាម ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រទានគោរមងារ ជាព្រះទេពមុនី ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះកិត្តិយស និងគោរមងារ ព្រះទេពមុនី ដែលព្រះអង្គទទួល បាននេះ គឺពិតជាស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃ ដែលព្រះអង្គបានខិតខំបំពេញបូជាលះបង់ ជូនចំពោះសាសនា និងសង្គមជាតិ ក្នុងរយៈកាល សាងព្រះផ្នួសជាបព្វជិត អស់រយៈពេលជាង ៦២ ព្រះវស្សា កន្លងមក។ ទន្ទឹមនេះ ក៏សូមអនុមោទនាត្រេកអរ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលជាច្រើន ដែលរីកលូតលាស់ ជាបន្តបន្ទាប់ ក្នុងទីអារាមវត្តអារញ្ញិការាម ចាប់តាំងពីក្រោយឆ្នាំពី ១៩៧៩ មក ហើយនឹងបន្តទៅអនាគត។ ពិតណាស់ ការរីកចម្រើន ទាំងនេះ បានឆ្លុះបញ្ចាំងពីតថភាព នៃការអភិវឌ្ឍឥតឈប់ឈរ របស់សង្គមជាតិ ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ នៅក្រោយការបញ្ចប់ទាំងស្រុង នូវសង្រ្គាមស៊ីវិលដ៏រ៉ាំរៃ ដែលប្រជាជាតិដ៏កំសត់នេះ បានឆ្លងកាត់អស់កាលរយៈកាលជាង ៥០០ ឆ្នាំកន្លងមក។ សក្ខីភាពទាំងនេះ ក៏បានសរបញ្ជាក់ផងដែរ អំពីតម្លៃមហាសាលនៃសន្តិភាព ដែលប្រៀប បានទៅនឹងខ្យល់អុកស៊ីសែន ដែលមនុស្សត្រូវការជាចំបាច់សម្រាប់ដកដង្ហើម ដើម្បីរស់រាន មានជីវិត។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាព ចំពោះការអភិវឌ្ឍ រីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្ររបស់ខេត្តកំពង់ឆ្នាំង និងសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូ អ្នកគ្រូ ដែលបាននិង កំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរ ក៏សូមអរគុណដល់គណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋាន គ្រប់យន្តការនៅក្នុង មូលដ្ឋាន ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាននៅកៀកជិតស្និទ្ធ បម្រើប្រជាជន ដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ និងប្រកបដោយការលះបង់ គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាន នូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក។ គណប្រជាជនកម្ពុជា មានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់​រួមជាមួយនឹងការគាំទ្រដ៏ស្មោះស្ម័គ្រ ពីសំណាក់ប្រជាជន ជាម្ចាស់ស្រុក៕ V / N

រូបថត ( លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹតប្រទានគោរមងារ ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ) ប្រភពរូប (ហ្វេសប៊ុក ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត)