ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ។

លោក ងួន រតនៈ បានថ្លែងថាៈ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបាន​ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស ចាត់ទុកជាអង្គព្រះ មហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និង​ព្រះបញ្ញាញាណ ពេញមួយព្រះជន្ម របស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍ សម្រាប់​ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីប្រទេសបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថាៈ ប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមសម្តែងនូវ ការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ និងបានក្រាបថ្វាយ ព្រះពរដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខ នៅឋានសួគ៌ា។ បើទោះបីព្រះអង្គ បានរំលាយក្ខន្ធ និងព្រះកាយ ទៅកាន់ព្រះបរមសុខយ៉ាងណាក្តី តែប្រជារាស្រ្តខ្មែរ នៅតែ​ចង​ចាំនូវស្នាព្រះហស្ថ និងគុណូបការៈដ៏ធំធេង របស់ព្រះអង្គ។ ក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេចជ្រើសយកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឲ្យប្រជាពលរដ្ឋខ្មែរ បានឈប់សម្រាក ដើម្បីចូលរួមកាន់ព្រះមរណទុក្ខនៃ ការយាងសោយ​ទិវង្គតរបស់​ព្រះអង្គ។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន៕/V