ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ ដឹកនាំកម្លាំង អន្តរាគមន៍ស្រុក និងអាជ្ញាធរមូលដ្ឋានស្រុក បាននាំស្បៀងរបស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១៩០ គ្រួសារ មកពីឃុំឈូក និងឃុំគោល ដែលមានទីតាំង ស្ថិតនៅវត្តកំពង់ស្បូវ ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។

លោក ឃីម សុខឃាង បានលើកឡើងថាៈ មិនត្រឹមតែស្បៀងនោះទេ សម្ដេចតេជោ ហ៊ុន សែន បានគិតគូរពីការផ្ដល់នូវគ្រាប់ពូជស្រូវ ត្រៀមរួចជាស្រេចហើយ យកមកចែកជូន បងប្អូនប្រជាពលរដ្ឋ នៅពេលទឹកស្រកទៅវិញ ដើម្បីស្ដារដំណាំស្រូវ ឡើងវិញ ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ លោកអភិបាលស្រុកប្រាសាទសំបូរ បានបញ្ជាក់ថាៈ នៅពេលទឹកស្រក សូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ អាជ្ញាធរ ក៏ដូចជា មន្ត្រីជំនាញពាក់ព័ន្ធ នឹងធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដើម្បីសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យមានសុវត្ថិភាព ។

លោកអភិបាលស្រុក បានលើកឡើងថាៈ ក្នុងឆ្នាំនេះ ហាក់បីដូចជា គ្មានរដូវប្រាំងសោះ គឺសង្កេតឃើញថា មានភ្លៀងជាប្រចាំ ដូច្នេះហើយធ្វើឱ្យប៉ះពាល់ដល់​ប្រជាពលរដ្ឋ ជាពិសេសខកខានការអភិវឌ្ឍ នៅតាមភូមិ ឃុំ ស្រុក មួយផ្នែកធំ ឆ្នាំនេះ មានកម្ពស់ទឹក រហូតដល់ ១,៥ ម៉ែត្រ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១៩០ គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធផងដែរ ៕/V