ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បំពាក់ដោយសម្ភារៈមុជទឹក ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចុះជួយស្វែងរកសព សិស្សសាលា ករណីលិចទូកដរ នៅស្រុកលើកដែក នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២:៣០ នាទី ស្ថិតនៅចំណុចទូកដរទទឹង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ករណីខាងលើនេះ បណ្ដាលឱ្យលិចទូកដរ និងបាត់ខ្លួនសិស្សសាលា ចំនួន ១៥ នាក់ និងម្ចាស់ទូក បានលិច ។ ដោយទទួលបានបទបញ្ជាពីលោកមេបញ្ជាការ បញ្ជាការដ្ឋាន ទ័ពពិសេស និងដោយមានសំណូមពរ ពីអាជ្ញាធរមូលដ្ឋាន កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន ២២នាក់ បានសហការជាមួយកម្លាំង CMAC និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ បានចុះបេសកកម្ម ប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ នៅការដ្ឋានទី៥ នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។

ជាលទ្ធផល កម្លាំងនៃបញ្ជាការដ្ឋានកងទ័ពពិសេស​បានរុករកឃើញជនរងគ្រោះ ចំនួន ១៤ នាក់ នៅរស់រៀនមានជីវិតចំនួន ៤នាក់ បាត់បង់ជីវិត ចំនួន ៩នាក់ នៅបាត់ខ្លួនចំនួន ១នាក់ ។ កម្លាំងទាំងអស់ កំពុងបន្តរុករក ស្វែងងរក និងជួយសង្គ្រោះបន្តទៀត៕/V

កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក (រូបថតៈក្រុមការងារ)