ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ លោក ភួង សោភា​ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារ បានចុះស្រាវ ជ្រាវប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេ នៅក្នុងស្រុករលាប្អៀរ ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀ បានឱ្យដឹងថាៈ នៅក្នុងការស្រាវជ្រាវរកប្រជាពល រដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេ មានចំនួន ១.៤១៧ គ្រួសារ និង ២៣០ គ្រួសារទៀត ត្រូវបានជម្លៀស មកកាន់ទីទួលសុវត្ថិភាពហើយ។

ចំណែក លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង​បានមានប្រសាសន៍ថាៈ ក្រោយ ការតាមដានស្រាវជ្រាវ ពីសំណាក់ក្រុមការងារ ជាលទ្ធផលឃើញថា មានប្រជាពលរដ្ឋ ចំនួន ១.៤១៧ គ្រួសារ បានទទួលរងផលប៉ះពាល់ និងប្រជាពលរដ្ឋ ចំនួន ២៣០ គ្រួសារ ផ្សេងទៀត បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពហើយ។

លោក ភួង សោភា​​ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថាៈ លោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យមន្ត្រីគ្រប់រូប ឆ្លៀតពេល ពីការងារនៅក្រសួង ចុះមកតាមបណ្ដាស្រុក ដែលលិចទឹកទាំងអស់ របស់ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលកំពុងរងផលប៉ះពាល់ ពីជំនន់ទឹកទន្លេសាបនេះ ។

នៅក្នុងកិច្ចការចុះបំពេញការងារ ក្រុមការងារក្រសួង និងខេត្ត ក៏បាននាំយកអំណោយរបស់ លោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ២០ គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ នៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។

លោក សេង វិចិត្រ បានបញ្ជាក់ឲ្យដឹងថាៈ នៅឆ្នាំ២០២២ នេះ ជំនុំទឹកទន្លេសាប បានធ្វើឲ្យ រងផលប៉ះពាល់ ដល់ផ្លូវថ្នល់ជាង ៣៥ គីឡូម៉ែត្រ ស្ពានលូ ៤១ កន្លែង ។ ដោយឡែក ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ១.៤០០ គ្រួសារ បានរងផលប៉ះពាល់ និង ២៣០ គ្រួសារ ដែលបានជម្លៀស មកកាន់ទីទួលសុវត្ថិភាព ។

បើយោងតាមរបាយការណ៍របស់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានឲ្យដឹងនៅល្ងាចថ្ងៃនេះថាៈ ដីដែលរងផលប៉ះពាល់ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយជំនន់ទឹកទន្លេសាប មានចំនួន ២.៥៧៦ ហិកតា ក្នុងនោះផ្ទៃដី ដែលរងការខូចខាត​មានចំនួន ២.៥៧៦ ហិកតា ផ្ទៃដីដែលត្រូវស្ដារឡើងវិញ ក្រោយទឹក ជំនន់ទន្លេសាប មានចំនួន ៤៥៥ ហិកតា ក្នុងនោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មានចំនួន ៣.៣៣៤ គ្រួសារ។

ដោយឡែក បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថន បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១៤ តុលា នេះថាៈ ស្ថានភាពទឹកទន្លេ នៅស្ថានីយជលសាស្ត្រផ្សារក្រោម ទឹកមានកម្ពស់ ៩,៩៨ ម៉ែត្រ បើធៀបនឹងឆ្នាំ ២០២១ ទឹកមានកម្ពស់ ៧,៣៧ ម៉ែត្រ៕ V / N