ដោយ:ដេប៉ូ/ភ្នំពេញ ៖«ការរក្សាបាននូវស្ថានភាពល្អប្រសើរនៃបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ជាការ ធានាបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍដោយចីរភាព និងឧត្តមប្រយោជន៍ជាយុទ្ធសាស្ត្រយូរអង្វែងរបស់ប្រទេសកម្ពុជា ហើយការគិតគូរ ពីការងារបរិស្ថាន និង ប្រែប្រួលអាកាសធាតុ បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជាផងដែរ »នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះក្នុងពេលជម្រាបជូន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភានៅក្នុងសិក្ខាសាលា ស្តីពី«តួនាទីរបស់សភាកម្ពុជាលើការងារប្រែប្រួអាកាសធាតុ»ក្រោមអធិបតីភាព លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ នេះនៅវិមានរដ្ឋសភាជាតិ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានបញ្ជាក់ថាក្នុង សិក្ខាសាលានាថ្ងៃនេះដែរបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ៗមួយចំនួនដូចជា៖
១-ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ ក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ដែលជារតនសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិកម្ពុជាយើង។
២-ផ្ដល់ឱកាសដើម្បីក្រសួងបរិស្ថានបានធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានស៊ីជម្រៅបន្ថែមទៀត ជូនសមាជិក សមាជិកា ព្រឹទ្ធសភា និង រដ្ឋសភាជាតិ  ជាពិសេសគណៈកម្មាធិការទី៣ នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារគាំពារបរិស្ថាន និង ការគ្រប់គ្រងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សកលលោកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ នៅក្នុងវិស័យបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ។
៣-ក្នុងក្របខណ្ឌនៃដំណើរការរៀបចំ «សៀវភៅជំនួយស្មារតីសម្រាប់សភាកម្ពុជា ស្តីពីការប្រែប្រួលអាកាសធាតុ» ក្រោមកិច្ចសហការរវាង ក្រសួងបរិស្ថាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ក្រសួងបរិស្ថាននឹងសម្របសម្រួលរៀបចំ សិក្ខាសាលាឈ្វេងយល់និងចែករំលែកចំណេះដឹង  និងកិច្ចប្រជុំពិគ្រោះយោបល់ផ្សេងៗទៀត ៕srn