ដោយ៖ រ៉ាម៉ន / ព្រះសីហនុ​៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងថ្មី អភិបាលរង ក្រុងព្រះសីហនុ ចំនួនបីរូប ក្នុងនោះ ក៏មានការចូលរួមពីនាយករងរដ្ឋបាល សាលាខេត្ត អភិបាលក្រុង នាយករដ្ឋបាលសាលាក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ចៅសង្កាត់ ស្មៀនសង្កាត់។

តាមប្រកាសលេខ ៥១៦៩ ប្រក ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការរបស់ ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការ ចំនួនបីរូប ចូលកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ រួមមាន៖ ១. លោក នងឌី ណារ៉ា , ២. លោក សោម សេន និង៣. លោក យឹម សុខសំអូន ត្រូវបានតែងតាំង ជាអភិបាលរង នៃគណៈអភិបាល ក្រុងព្រះសីហនុ ។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ ក្នុងក្រុងព្រះសីហនុ។ ក្រុងព្រះសីហនុ ជាក្រុងមួយក្នុងចំណោមក្រុង ស្រុក ទាំង៥ នៃខេត្តព្រះសីហនុ ជាទីក្រុងកំពង់ផែ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ មានកំពង់ផែសមុទ្រទឹកជ្រៅ មានផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកក្រុងព្រះសីហនុ ផ្លូវដែកបម្រើសេវាដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញ បង្កើនកំណើនសេដ្ឋកិច្ចសង្គម។

បន្ទាប់ពីលោក នងឌី ណារ៉ា អភិបាលរងក្រុងព្រះសីហនុថ្មី បានធ្វើការប្តេជ្ញាចិត្តរួចមក លោក ឡុង ឌីម៉ង់ បានណែនាំលោកអភិបាលរងក្រុងទាំង បីរូប ដែលសុទ្ធសឹងជាមន្ត្រីដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព និងមានបទពិសោធន៍ ក្នុងការងារដឹកនាំ និងគ្រប់គ្រងនៅមូលដ្ឋាន ក្រុងព្រះសីហនុ ត្រូវជួយសម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាព ការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេល វេលា នូវតម្រូវការប្រជាពលរដ្ឋ នៅមូលដ្ឋាន តាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្ត បានសាទរជាមួយលោកអភិបាលរងក្រុងទាំងបីរូប ត្រូវបានថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែង ជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលក្រុង ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោល ការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង បង្កើតមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ។ បន្តចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ក្នុងខេត្តព្រះសីហនុ៕ V / N