ដោយៈរ៉ាម៉ន/ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញរំលឹកជាថ្មីដល់ប្រជាពលរដ្ឋថា ម៉ូតូដែលខុសលេខ គ្មានពន្ធ និងឯកសារត្រឹមត្រូវ សូមកុំទិញឱ្យសោះ។ សូមឱ្យទិញម៉ូតូដែលត្រឹមត្រូវ មិនដាប់កែច្នៃលេខតួ និងលេខម៉ាស៊ីន បើមិនចង់ក្លាយខ្លួនជាជនជាប់ចោទ។លោក ឃ្លាំង ហួត បានលើកឡើងបែបនេះ ខណៈអញ្ជើញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីចុះត្រួតពិនិត្យការងារសន្តិសុខ ការបង្ការ បង្ក្រាបល្បែងស៊ីសងការងារបញ្ចាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី១៤ ខែតុលា។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីចុះត្រួតពិនិត្យការងារសន្តិសុខ ការបង្ការ បង្ក្រាបល្បែងស៊ីសងការងារបញ្ចាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី១៤ ខែតុលា(រូបថតក្រុមការងារ)

ជាមួយគ្នានោះ អភិបាលរងរាជធានី ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា បន្តសហការទប់ស្កាត់និង បង្ក្រាបទីតាំងបញ្ចាំខុសច្បាប់និងល្បែងស៊ីសងព្រមទាំងត្រួតពិនិត្យនិងបង្ក្រាបហាងបញ្ចាំខុសច្បាប់ឱ្យដូចភ្លៀង
រលឹមក្នុងដែនដីរបស់ខ្លួនតាមប្រសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញធ្វើយ៉ាងណាឱ្យតំបន់មួយនេះកាន់តែមានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត ចាត់ទុកល្បែងស៊ីសងខុសច្បាប់ បាននាំមកនូវអស្ថេរភាពសង្គម ហើយទីតាំងបញ្ចាំខុសច្បាប់ គឺជាកន្លែងដែលផ្តល់នូវប្រភពហិរញ្ញវត្ថុដែលបង្កើតឲ្យមានល្បែងខុសច្បាប់អំពើចោរកម្មនិងការប្រើប្រាស់គ្រឿងញៀន។ លោកបានបញ្ជាក់ថា ក្រោយពេលដែលអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការដ៏ក្តៅគគុក នេះកន្លងមកគឺសង្កេតឃើញថាក្នុងរាជធានីភ្នំពេញអំពើចោរកម្មអំពើលួចឆក់ប្លន់គឺមិនមានសកម្មភាពកើតឡើងនោះទេ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានជម្រាបជូនលោកអភិបាលរងរាជធានីអំពីរបាយការណ៍សង្ខេបនៃវឌ្ឍនភាពការងារ(រូបថតក្រុមការងារ)

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានជម្រាបជូនលោកអភិបាលរងរាជធានីអំពីរបាយការណ៍សង្ខេប នៃវឌ្ឍនភាពដែលសម្រេចបានក្នុងឆ្នាំកន្លងទៅក៏ដូចជាផែនការអនុវត្តនូវអនុសាសន៍ណែនាំក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំឬកុងស៊ីបញ្ចាំខុសច្បាប់ ក្នុងដែនដីខណ្ឌ៧មករា ដែលក្នុងនោះ ការងារបង្ការ បង្ក្រាបល្បែងស៊ីសងអាជ្ញាធរបានធ្វើការបិទទីតាំងហ្គេមល្បែងអនឡាញចំនួន៣១ទីតាំងនិងរើសម្ភារចេញទាំងអស់ ទីតាំងកត់កន្ទុយលេខ ចំនួន១០ទីតាំង បានបិទទាំងស្រុងនិងបង្ក្រាបទីតាំងកត់កន្ទុយលេខចំនួនមួយទីតាំង ឃាត់ខ្លួនមនុស្សចំនួនពីរនាក់( ស្រី០១នាក់)បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

លោក ថេង សុថុលបានឱ្យដឹងទៀតថា នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បច្ចុប្បន្នមានទីតាំងហាងបញ្ចាំសរុប ចំនួន ប្រាំមួយទីតាំង(មានច្បាប់អនុញ្ញាតនិងប្រកបអាជីវកម្មស្របតាមច្បាប់កំណត់)។ក្នុងប្រតិបត្តិការត្រួតពិនិត្យទីតាំងលក់ម៉ូតូដែលមានការសង្ស័យនិងទីតាំងទទួលផ្ញើម៉ូតូចំនួនពីរទីតាំងអាជ្ញាធរបានដកហូតម៉ូតូដែលសង្ស័យ ពុំមានស្លាកលេខនិងពុំមានឯកសារបញ្ជាក់គ្រប់គ្រាន់ចំនួន២៤គ្រឿងមករក្សាទុកជាបណ្ដោះអាសន្ននៅសាលាខណ្ឌ៧មករារង់ចាំម្ចាស់យកឯកសារមកផ្ទៀងផ្ទាត់ជាមួយមន្ត្រីជំនាញ។ក្នុងនោះមានទីតាំងស្តង់ផ្សារបុរីកីឡាដកហូតចំនួន១១គ្រឿង និងទីតាំងទទួលផ្ញើនៅអគារបុរីកីឡាដកហូតចំនួន១៣គ្រឿង៕សរន