​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ថ្ងៃ​សៅរ៍​នេះ​ជា​ឱកាស​ដែល​ក្រុម​មាន់​ខ្នាយ​មាស Tottenham ហក់​ឡើង​មក​លេខ​២​បណ្តោះអាសន្ន​ក្នុង​តារាង​ពិន្ទុ English Premier League​នៅពេល​​ពួក​គេ​ស្វាគមន៍​ក្រុម​ស្ករ​គ្រាប់ Everton ព្រោះ​គូប្រជែង​កំពូល​តារាង​សុទ្ធតែ​លេង​នៅ​ថ្ងៃអាទិត្យ​ទាំងអស់​។

​នៅ​អង់គ្លេស​ដដែល ក្រុម​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​ស្វាគមន៍​ក្រុម​មេឃ​ខៀវ Man City នៅ​ថ្ងៃអាទិត្យ ដែល​ជា​ជំនួប​ធំ​បំផុត​ប្រចាំ​សប្តាហ៍​នេះ​នៅ​អង់គ្លេស​។ ដោយឡែន​នៅអេ​ស្ប៉ាញ​ក៏​មាន​ជំនួប​ធំ El Clásico រវាង Real Madrid និង Barcelona នៅ​ថ្ងៃអាទិត្យ​ផងដែរ ដែល​តែងតែ​មាន​អ្នកមើល​ច្រើន​បំផុត​លើ​ពិភពលោក​។

​ការព្យាករណ៍ ៖

– Tottenham vs Everton

* Tottenham បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ទាំង​៦​លើ​ក​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​។​
* Everton បាន​ចាញ់​ការជួបគ្នា​២​លើក​ជាមួយ​ក្រុម​កំពូល​តារាង​ទាំង​៥​ក្នុង​ក្របខ័ណ្ឌ Premier League ។​
* Harry Kane រកបាន ៤ គ្រាប់​ក្នុងចំណោម ៥ ប្រកួត​ចុងក្រោយ​របស់​គេ​សម្រាប់ Spurs ។​

Harry Kane និង Heung-min Son កំពុង​បង្ហាញ​ភាព​ជា​ដៃគូ​មុត​ស្រួច​ជាថ្មី​ម្តងទៀត​កាលពី​ពាក់កណ្តាល​សប្តាហ៍ ខណៈ Spurs បាន​ផ្តួល Eintracht Frankfurt ហើយ​មាន​ឱកាស​ខ្ពស់​ដែល​ពួកគេ​នឹង​អាច​ស៊ុត​បញ្ចូល​ទី​ម្តងទៀត នៅ​ពេល​ពួកគេ​លេង​ប៉ះ​ជាមួយ Everton នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។​

​ខ្សែ​ប្រយុទ្ធ Spurs ទាំងពីរ​មាន​គ្រាប់​បាល់​រួមគ្នា ១៥ គ្រាប់​ក្នុង​រដូវ​កាល​នេះ ហើយ​បាន​ជួយ​ក្រុម​របស់​លោក Antonio Conte ឱ្យ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​តារាង Premier League ដោយ​មាន​ត្រឹមតែ ៤ ពិន្ទុ​ដេញតាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal និង​ឥឡូវ​មាន​កំណត់ត្រា​ក្នុងផ្ទះ​ល្អឥតខ្ចោះ ដោយ​ឈ្នះ​ទាំង ៦ លើក​ពី​គ្រប់​ការប្រកួត​ទាំងអស់​។​

Everton មាន​ទម្រង់​លេង​មិន​សូវ​លេចធ្លោ​នោះ​ទេ ប៉ុន្តែ​គេ​ក៏​គួរឱ្យកត់សម្គាល់​ដែរ​ថា ពួកគេ​ចូលមក​ក្នុង​ការប្រកួត​ថ្ងៃ​សៅរ៍​នេះ​ជាមួយនឹង​កំណត់ត្រា​ការពារ​ល្អ​បំផុត​នៅក្នុង​លី​ក​។ ទោះយ៉ាងណា ពួកគេ​បាន​រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួន​ឯង​ទល់​នឹង​ក្រុម​បិសាច​ក្រហម Manchester United កាលពី​សប្តាហ៍​មុន ហើយ​បរាជ័យ​ជា​លើក​ទី​បួន​នៃ​រដូវ​កាល​ហាក់​ទំនង​គេច​មិន​រួច​ទេ នៅ​ពេល​ពួកគេ​ទៅលេង​នៅ​កីឡដ្ឋាន Tottenham Hotspur ។​

​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម​របស់​លោក Erik ten Hag បានបញ្ចប់​ការប្រកួត​មិន​ដែល​ចាញ់ ៧ លើ​ក​របស់​ពួកគេ ប៉ុន្តែ​ការសាកល្បង​ពិតប្រាកដ​តែមួយគត់​របស់​ពួកគេ​កន្លងមក​គឺ​អំឡុងពេល​ការប្រកួត Merseyside Derby ទល់​នឹង​ក្រុម​ធ្លាក់​ជើង Liverpool​។ ជំនួប​ពីមុន​តែមួយគត់​របស់​ពួកគេ​ជាមួយនឹង​ក្រុម​កំពូល​តារាង​ទាំង​៤​បច្ចុប្បន្ន​បាន​បញ្ចប់​ដោយ​ការ​ចាញ់​ក្រុម Chelsea នៅ​ថ្ងៃ​បើក​យុទ្ធនាការ EPL​។​

​កំណត់ត្រា​ក្នុងផ្ទះ​ដ៏​ល្អឥតខ្ចោះ​របស់ Tottenham នឹង​ធ្វើឱ្យ​ក្រុម​របស់​លោក Conte ទទួលបាន​ជ័យជម្នះ​នៅថ្ងៃនេះ តែ​មិន​រំពឹង​ឈ្នះ​ច្រើន​គ្រាប់​ទេ​។ Everton ខកខាន​ស៊ុត​បញ្ចូល​ទី​តែ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ហើយ​មិន​ទាន់​របូត​គ្រាប់​បាល់​លើសពី ២ គ្រាប់​ក្នុង​ការប្រកួត​នោះឡើយ​។ ដូច្នេះ លទ្ធផល​ព្យាករណ៍ Spurs ឈ្នះ ២-១ ជា​លទ្ធភាព​ដ៏​ទំនង​បំផុត​។

– Liverpool vs Manchester City

* Manchester City មាន​គ្រាប់​បាល់​ជា​មធ្យម ៣,៦៧ គ្រាប់​ក្នុង​មួយ​ប្រកួត​ក្នុង Premier League នៅ​រដូវ​កាល​នេះ​។​
* ក្រុម​របស់​លោក Pep Guardiola បាន​ស៊ុត​បញ្ចូល​ទី​យ៉ាងតិច​៣​គ្រាប់ ក្នុង ៧ ប្រកួត​នៃ​ការប្រកួត​លី​ក​ទាំង ៩ លើក​មក​នេះ​។​
* Erling Braut Haaland បាន​ស៊ុត​បញ្ចូល​ទី​រាល់​ការ​បង្ហាញខ្លួន ១០ លើក​ចុងក្រោយ​របស់​គេ​សម្រាប់ Manchester City ដោយ​រកបាន ១៨ គ្រាប់​ក្នុង​អំឡុង​ពេល​នេះ​។​

​ហង្ស​ក្រហម Liverpool បាន​រក​ជ័យជម្នះ​៣​លើ​ក​ជាប់ៗ​គ្នា​ក្នុង Champions League កាលពី​ពាក់កណ្តាល​សប្តាហ៍ ដោយសារ​ការលេង​ដ៏​ស៊ីសង្វាក់​គ្នា​នៅ​តង់​ទី​២ ប៉ុន្តែ​នៅក្នុង Premier League អ្វីៗ​ដំណើរការ​ទៅ​មិន​រលូន​ទេ​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp ។​

​ស្តង់ដារ​ខ្ពស់​ពីមុន​ហាក់​រសាត់​ចោល​ក្រុម​ហង្ស​ក្រហម ដោយ​ទើបតែ​ឈ្នះ​២​លើក​ប៉ុណ្ណោះ​ពី​ការប្រកួត​លី​ក​ចំនួន ៨ លើក ដោយ​ធ្វើឱ្យ​ពួកគេ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១០ ក្នុង​តារាង និង​មាន ១៤ ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​។​

​សម្រាប់​ប្រព័ន្ធ​ការពារ​វិញ Liverpool មើល​ទៅ​ដូច​ជា​ស្រមោល​នៃ​អតីត​ខ្លួនឯង​ប៉ុណ្ណោះ ដោយ​របូត ១២ គ្រាប់​ក្នុង ៨ ប្រកួត រួម​ទាំង​ការ​របូត ៦ គ្រាប់​ក្នុង ២ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

​ទោះយ៉ាងណា រឿង​របស់​ហង្ស​ក្រហម​មិន​អាច​មក​និយាយ​លើ Manchester City បាន​នោះ​ទេ​។ ពួកគេ​បាន​ដាក់​ក្រុម​ខ្សោយ​កាលពី​ពាក់កណ្តាល​សប្តាហ៍ ហើយ​អាច​បាន​ត្រឹម​ស្មើ​ក្នុង​ទឹកដី Copenhagen ប៉ុន្តែ​មុន​នោះ ពួកគេ​បាន​ឈ្នះ ៦ ប្រកួត​ជាប់ៗ​គ្នា ដោយ​ស៊ុត​បញ្ចូល​ទី​បាន ២៤ គ្រាប់​មិន​គួរ​ឱ្យ​ជឿ និង​រក្សា Clean Sheet បាន​៤​ដង​។​

​ទោះយ៉ាងណា ក្រុម​ការពារ​តំណែង​ជើងឯក​របស់លោក Pep Guardiola នៅតែ​ចាញ់​ក្រុម​កំពូល​តារាង​១​ពិន្ទុ ប៉ុន្តែ​ជាមួយ​នឹង​គ្រាប់​បាល់​ចំនួន ៣៣ គ្រាប់​ក្នុង​ការប្រកួត​លី​ក​ចំនួន ៩ លើក គ្មាន​នរណា​រំពឹងថា​ពួកគេ​នឹង​របូត​ពាន EPL របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​នោះ​ទេ​។​

​ជំនួប​រវាង​ក្រុម​ទាំងពីរ​មាន​ភាពស្វិតស្វាញ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លងមកនេះ ប៉ុន្តែ Manchester City មើលទៅ​ហាក់​មាន​ប្រៀប​ជាង​ហើយ​ក្នុង​រដូវ​កាល​នេះ​។ ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​យ៉ាងហោចណាស់​៣​គ្រាប់​ក្នុង ៧ ប្រកួត​នៃ​ការប្រកួត​លី​ក​ចំនួន ៩ លើ​ក​របស់​ពួកគេ រួម​ទាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី ៦ គ្រាប់​នៅ​ក្នុងជំនួប Manchester Derby ហើយ​ដោយសារ​ខ្សែការពារ​របស់ Liverpool របូត ៣ គ្រាប់​ក្នុង​ការប្រកួត EPL ២​លើកចុងក្រោយ យើង​គាំទ្រ​ខាង Man City ឈ្នះ​នៅ​ថ្ងៃអាទិត្យ ក្នុង​លទ្ធផល​ទស្សន៍ទាយ ៣-១ ហើយ Erling Braut Haaland អាច​ជា​អ្នក​រក​គ្រាប់​បាល់​ក្នុងចំណោម​នោះ​។​

– Real Madrid vs Barcelona

* Real Madrid គឺជា​ក្រុម​ជោគជ័យ​ជាង​ក្នុងជំនួប El Clásico នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​វា​ជា​ក្រុម Barcelona ទេ​ដែល​ឈ្នះ​ពីរ​លើ​ក​ជាប់ៗ​គ្នា​ក្នុងជំនួប​នេះ​។​
* ក្រុម​អ្នក​មាន​បុណ្យ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ០-៤ នៅ​ពេល​ពួកគេ​ទៅលេង​នៅ​ទឹកដី Estadio Santiago Bernabeu លើក​ចុង​ក្រោយ​ក្នុង​ខែ​មីនា​ឆ្នាំ​នេះ​។​
* យើង​បានឃើញ​គ្រាប់​បាល់​ចាប់ពី​៣​គ្រាប់​ឡើងទៅ​ក្នុង​ការប្រកួត​៥​លើក​នៃ​ការប្រកួត El Clasicos ៦​លើកចុងក្រោយ​។​

​ក្តីរំភើប​ពិតប្រាកដ​រំពឹង​កើតឡើង​នៅក្នុង​និង​ជុំវិញ​កីឡដ្ឋាន Estadio Santiago Bernabeu នៅ​យប់​ថ្ងៃអាទិត្យ នៅពេលដែល Real Madrid និង Barcelona ជួប​គ្នា​ក្នុងជំនួប El Clasico មួយ​ផ្សេង​ទៀត​។​

​ជំនួប​នេះ​គឺ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង ជាពិសេស​ដោយសារ​តែ​គូប្រជែង​ជូរចត់​ទាំងពីរ​មាន​ពិន្ទុ​ស្មើគ្នា (២២)​។ ក្រុម​ទាំង​ពីរ​ឈ្នះ​៧​និង​ស្មើ​១​រៀងៗ​ខ្លួន បន្ទាប់​ពី​ការប្រកួត​បើកឆាក​៨​ជុំ​។​

Barcelona បាន​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​ជាមួយ​នឹង​លទ្ធផល​ស្មើដោយ​គ្មាន​គ្រាប់​បាល់​ទល់​នឹង​ក្រុម Rayo Vallecano នៅ​ទឹកដី​ខ្លួនឯង ប៉ុន្តែ​បាន​បន្ត​ឈ្នះ​ការប្រកួត​លី​ក​ចំនួន​៧​លើ​ក​ជាប់ៗ​គ្នា​។​

​ទោះយ៉ាងណា ក្រុម​អ្នក​មាន​បុណ្យ​កំពុង​មាន​បញ្ហា​ធំ​នៅក្នុង UEFA Champions League បន្ទាប់​ពី​ចាញ់ Bayern Munich និង Inter Milan ក្រៅ​ទឹកដី​។​

​ក្រោយមក ពួកគេ​បាន​លេង​ស្មើ​យ៉ាង​លំបាក់​ទល់នឹង Inter Milan កាលពី​យប់​ថ្ងៃ​ពុធ​នៅឯ​កីឡដ្ឋាន Spotify Camp Nou ។​

​ដោយឡែក លោក Carlo Ancelotti បានដាក់ Junior Vinicius ឱ្យ​សម្រាក​ក្នុង​ការប្រកួត Champions League ពាក់កណ្តាល​សប្តាហ៍​ទល់នឹង Shakhtar Donetsk ក្នុងប្រទេស​ប៉ូឡូញ​។​

​ទាំង Real Madrid និង Barcelona សុទ្ធតែ​ពិបាក​បំបាក់​ដូចគ្នា​រហូតមកទល់​ពេលនេះ​ក្នុង​រដូវ​កាល​នេះ​។ វា​ពិតជា​ចម្លែក ដែល​ក្នុង ៨ ជុំ​មកនេះ អ្នក​មាន​បុណ្យ​របូត​តែ​១​គ្រាប់​គត់​។​

​យើង​តែងតែ​រំពឹង​មាន​គ្រាប់​បាល់​ច្រើន​នៅក្នុង​ជំនួប​នេះ ហើយ​វា​ពិតជា​តឹងទ្រូង​ណាស់​ដែល​ត្រូវ​គាំទ្រ​សេណា​រី​យ៉ូ​គ្រាប់​បាល់​ទាប​ក្នុង​ជំនួប​ដែល​មាន​កីឡាករ Karim Benzema និង Robert Lewandowski ដឹកនាំ​តំបន់​ប្រយុទ្ធ​។​

​ទោះយ៉ាងណា ដោយ​ផ្អែក​លើ​ទម្រង់​លេង​ការពារ​ល្អ​របស់​ក្រុម​ទាំង​ពីរ​ក្នុង​លី​ក​រដូវ​កាល​នេះ យើង​នឹង​មិន​ភ្ញាក់ផ្អើល​ទេ​ក្នុង​ការ​ដែល​ឃើញ​មាន​ពិន្ទុ​ទាប​នៅ​ថ្ងៃអាទិត្យ​ក្នុង​រដ្ឋធានី​របស់អេ​ស្ប៉ាញ​។

​លទ្ធផល​ព្យាករណ៍ គឺ ១-១៕

Liverpool មិន​រំពឹង​ទប់​ជាប់​ក្រុម​ឡើង​ជើង Man City​