ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ មកទល់ពេលនេះ រយៈពេល​ជិត​មួយឆ្នាំ​ហើយ ដែល​កីឡាករ​ល្បីឈ្មោះ​របស់​កម្ពុជា ចាន់ វឌ្ឍនាកា​អវត្តមាន​ពី​ទីលាន​ប្រកួត ។

​ការបាត់​មុខ​កីឡាករ​ជម្រើសជាតិ មកពី​ក្លិប​បឹងកេត​រូបនេះ មិនមែន​មានន័យថា គេ​បោះ​បង់​ចោល​អាជីព​បាល់ទាត់​នោះទេ តែ​គឺ​គេ​មាន​របួស ហើយ​កំពុង​សម្រាក​ព្យាបាល​។ គេ​នៅ​ចាំបាន​ថា ខ្សែប្រយុទ្ធ​បឹងកេត ចាន់ វឌ្ឍនាកា បាន​រងរបួស នៅក្នុង​ជំនួប​ជាមួយ វិសាខា ក្នុង​ពានរង្វាន់ Prince Beer Pre-season Cup កាល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ព្រី​នស៍ ដោយ​កាលនោះ គឺ​រូបគេ បាន​ដាច់​សរសៃ​ជង្គង់​ខាងស្ដាំ ។

​បើតាម​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត បានលើកឡើង​ថាៈ កីឡាករ​គ្រប់រូប សុទ្ធតែ​ចង់​លេង​ស៊ី​ហ្គេម នៅ​កម្ពុជា ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ខណៈដែល ចាន់ វឌ្ឍនាកា​ក៏មាន​ឆន្ទៈ​ដូចគ្នានេះដែរ​។ អ្នកស្រី និយាយ​បែបនេះ ក្នុងខណៈដែល ចាន់ វឌ្ឍនាកា​
​ដែល​ជំនាញ​ប្រើ​ជើងឆ្វេង​រូបនេះ បាន​ត្រឡប់មក​ចូល​ទីលាន​ហ្វឹកហាត់​វិញ កាលពីពេល​ថ្មីៗ​នេះ​។

​អ្នកស្រី បាន​បន្តថាៈ កីឡាករ​គ្រប់គ្នា ពួកគេ​តែង​ចង់បង្ហាញ​ខ្លួន ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ប្រសិនបើ​របួស​របស់ ចាន់ វឌ្ឍនាកា បានជា ១០០% មុន​ស៊ី​ហ្គេម អ្នកស្រី ក៏ដូចជា​អ្នកគាំទ្រ វឌ្ឍនាកា ពិតជា​សប្បាយរីករាយ ហើយក៏​សង្ឃឹមថា នឹង​អាច​មានមុខ​ជួយ​ជាតិ ក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​។

​ក្នុង​អាជីព​បាល់ទាត់​របស់ វឌ្ឍនាកា អត់​មានសង្ឃឹម​អី ក្រៅតែពី​សង្ឃឹម​បាន​លេង​ស៊ី​ហ្គេម នៅ​កម្ពុជា នេះឡើយ​។ ប្រសិនបើ​គាត់ បានជា​សះស្បើយ​វិញ ១០០% បាន​លេង​ស៊ី​ហ្គេម​ហ្នឹង​វិញ ប្រសើរ​ណាស់ ព្រោះ​កីឡាករ​ល្បីឈ្មោះ​មួយរូប​នេះ គាត់​តែងតែ​ចង់​ជួយ​ជាតិ ក្នុង​ព្រឹត្តិការណ៍​សំខាន់​ហើយ​។

​សម្រាប់​របួស​របស់ ចាន់ វ​ឌ្ឍា​នា​កា នេះ គឺ​អាស្រ័យ​លើ​កីឡាករ​ខ្លួនឯង​ផ្ទាល់ ព្រោះថា ក្រោយពេល​គ្រូពេទ្យ អនុញ្ញាត​ឲ្យ​បាន​ចូល​ហ្វឹកហាត់​វិញ គឺ​កីឡាករ​រូបនោះ សង្ឃឹម​បាន​លេង​វិញ​ហើយ គ្រាន់តែ​មិន​ច្បាស់​ថា នៅពេលណា​។ ដូច្នេះ​កីឡាករ ត្រូវតែ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​។

​សូមបញ្ជាក់ថា វឌ្ឍនាកា គេ​មាន​កម្លាំង​លេង​បានល្អ ក្នុង​រយៈពេល ២០ នាទី​។ គេ​ច្រើនតែ​
​ជួយ​ក្រុម​ឲ្យ​បាន​ជោគជ័យ នា​រយៈពេល ២០ នាទីចុងក្រោយ ឬ ២០​នាទី​ដំបូង តែ​ភាគច្រើន​កីឡាករ​រូបនេះ តែងតែ​ជួយ​ក្រុម ក្នុង​រយៈពេល ២០ នាទីចុងក្រោយ​៕/V​