ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ជាអ្នកកើតក្នុងត្រកូលអ្នកប្រដាល់ម្នាក់ តែ សៅ រង្សី ហាក់ដូច មិនចង់បញ្ចប់អនាគត ជាគ្រូប្រដាល់នោះឡើយ ។

គេជាអ្នកប្រដាល់ មានឈ្មោះបោះសម្លេងម្នាក់ ដែលពេលនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានទំនុកចិត្តថា រង្សី មានលទ្ធភាពច្រើនក្នុងការដណ្ដើមមេដាយមាស ពីស៊ីហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣។

សម្រាប់ក្ដីស្រមៃរបស់ អ្នកប្រដាល់សកលរូបនេះ គឺចង់ក្លាយជាមន្ត្រី ដើម្បីបម្រើប្រជាជន តែក្ដីស្រមៃនេះ គេមិនអាចមើលស្រាលបាននោះឡើយ ព្រោះបើយើងក្រឡេកទៅមើលវីរបុរសហ្វីលីពីន មែន្នី ប៉ាគីអៅ ដែលជាកំពូលអ្នកប្រដាល់សកលខ្លាំងគ្រប់សម័យ បានចូលប្រឡូកក្នុងវិស័យនយោបាយ និងក្លាយជាសមាជិកព្រឹទ្ធសភាហ្វីលីពីន នាឆ្នាំ២០១៦។

ជើងឯកប្រដាល់សកលជម្រើសជាតិកម្ពុជាទម្ងន់ក្រោម ៦០ គីឡូក្រាម កម្ពុជារូបនេះ មិនត្រឹមតែជឿជាក់ថា ខ្លួនអាចក្លាយជាកីឡាករប្រដាល់ម្នាក់ ទទួលបានការគាំទ្រខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែរូបគេ ក៏ជឿថា ខ្លួនអាចនឹងបម្រើប្រជាជន ក្នុងតំណែងធំមួយ នាពេលអនាគត។

ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្ឃឹមថា នឹងបំពេញក្តីស្រមៃរបស់ខ្លួនក្នុងការក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់ ។

កីឡាករ អាយុ២០ឆ្នាំ ដែលរំពឹងទទួលបានលទ្ធផលល្អជូនជាតិ នាពេលខាងមុខ ដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បាននិយាយថា រូបគេស្រឡាញ់សកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើប្រជាជន។ កីឡាកររូបនេះ បានឈ្នះមេដាយសំរឹទ្ធ ពីការប្រកួតជើងឯកអាស៊ាន នៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។

កីឡាករម្នាក់នេះ បានឲ្យដឹងថាៈ «បន្ទាប់ពីការសិក្សា ខ្ញុំចង់ធ្វើជាទាហាន។ ខ្ញុំពិតជាមានគោលបំណងក្លាយជាអភិបាលខេត្ត ក្នុងថ្ងៃណាមួយ។ មិនថានៅខេត្តកំណើត ឬកន្លែងណាទេ ឲ្យតែខ្ញុំអាចរួមចំណែកបម្រើប្រជាជនបាន»។

កីឡាកររូបនេះ មិនធ្លាប់ចាញ់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកឡើយ។ គេរៀបរាប់ថា ទាំងអស់នេះ គឺជម្នះនឹងឧបសគ្គ។ រូបគេបានឈ្នះជើងឯកថ្នាក់ជាតិជាលើកដំបូង នៅពេលអាយុទើបតែ ១៥ ឆ្នាំ និងប្រកួតឈ្នះរៀមច្បងជាច្រើន។

កីឡាកររូបនេះ បានប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ដែលបានឈ្នះជើងឯក ៧ ឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥- ២០១៦- ២០១៧- ២០១៨- ២០១៩- ២០២០ និង ឆ្នាំ២០២១ ។

ការប្រឹងប្រែង បានធ្វើឲ្យ សៅ រង្សី មានឱកាសចេញទៅប្រកួតអន្តរជាតិ ជាលើកដំបូង គឺជើងឯកអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ រូបគេចាត់ទុកជាបទពិសោធន៍សំខាន់ពីកីឡាអាស៊ី បើទោះជាមិនទទួលបានមេដាយក៏ដោយ។ រូបគេបានចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី និងឈ្នះមេដាយសំរឹទ្ធ ពីការប្រកួតជើងឯកអាស៊ានឆ្នាំ២០១៩។ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កីឡាកររួបនេះ មិនបានចូលរួមប្រកួត ក្នុងកម្មវិធីអ្វីទាំងអស់ បើទោះជាខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង ដោយសារវិបត្តិកូវីដ-១៩ រាតត្បាតខ្លាំងទូទាំងពិភពលោក។

រង្សី បាននិយាយថាៈ សមត្ថភាពរបស់គេធ្លាក់ចុះ ពីព្រោះខ្វះការហ្វឹកហាត់ដិតដល់ ប៉ុន្តែតែអ្វីៗបានវិលមកល្អប្រសើរវិញហើយ។

កីឡាកររូបនេះ បាននិយាយថាៈ វានឹងជាមហាកិត្តិយស ដែលអាចតំណាងឲ្យប្រជាជនកម្ពុជាប្រមាណ ១៦ លាននាក់ សម្រាប់កីឡាស៊ីហ្គេមនៅប្រទេសកំណើត។ វាពិតជាមានមោទនភាពក្នុងនាមកីឡាករម្នាក់ និងទទួលបានឱកាស។ ការចូលប្រឡូកក្នុងអាជីពប្រដាល់ មិនមែនជារឿងចៃដន្យទេ ពីព្រោះឪពុករបស់ខ្លួន គឺលោក មាស វណ្ឌី ជាគ្រូបង្ហាត់ប្រដាល់សកលម្នាក់ ហើយបងប្រុស ឈ្មោះ សៅ ដាវុធ ក៏ជាកីឡាករប្រដាល់ បានឈ្នះជើងឯកថ្នាក់ជាតិដែរ។

លោក មាស វណ្ឌី បានទទួលមរណភាពប្រមាណជាមួយឆ្នាំមកហើយ ។ លោក ជាគ្រូបង្វឹកក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកបន្ទាប់មកក្លិបឃ្លាំងមឿងកីឡា។

កីឡាប្រដាល់សកល មិនមែនជាកីឡាពីដំបូងរបស់គេទេ តាមពិតទៅរូបគេ បានចាប់ហាត់ប្រដាល់គុនខ្មែរ មុនតាំងពីអាយុ ១៤ ឆ្នាំ។ ប្រសិនបើទទួលបានជោគជ័យ ក្នុងអាជីពប្រដាល់សកល ដូចក្តីស្រមៃ រូបគេនឹងគិតបន្តក្តីស្រមៃ ក្លាយជាមន្ត្រី នាពេលអនាគត៕/V