ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជានិង សឹង្ហបុរីនឹងធ្វើឡើងនាម៉ោង៧យប់ថ្ងៃទី១៥ខែតុលានេះនៅសាលទីលានបាល់ទះនៃកីឡដ្ឋានព្រីនស៍។ ក្រុមបាល់ទះជម្រើសជាតិសឹង្ហបូរីបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៣តុលាដើម្បីប្រកួតជាមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជាថ្ងៃទី១៥តុលា នេះ។

លោកChia Min Chongអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរីបានកោតសរ សើរពីភាពរីកចម្រើននៃវិស័យបាល់ទះកម្ពុជាហើយបានចាត់ទុកកម្ពុជាជាក្រុមលំដាប់កំពូលក្នុងតំបន់បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិថៃក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម នាពេលកន្លងមក។

ការប្រកួតជាមិត្តភាពនេះដើម្បីអបអរសាទរពិធីបើកការប្រកួតដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២។ លោកអគ្គលេខាធិការសហព័ន្ធបាល់ទះសឹង្ហបូរីរូបនេះ បានសម្ដែងនូវសេចក្ដីរីករាយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំឲ្យមានជំនួបមិត្តភាពអន្ដរជាតិនេះឡើង៕