​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​និយាយថា ក្មេងប្រុស​អាយុ ១៥ ឆ្នាំ​ម្នាក់​បាន​សម្លាប់​មនុស្ស​ប្រាំ​នាក់​និង​បង្ក​របួស​ពីរ​នាក់​ទៀត​នៅក្នុង​ការបាញ់ប្រហារ​នៅ​ទីក្រុង​រ៉ា​លី​ក (Raleigh) សហរដ្ឋអាម៉េរិក ដោយ​នាំ​ក្តីរ​ន្ធ​ត់​ដល់​សហគមន៍​មួយ​ដែល​ឥឡូវ​កំពុង​កាន់ទុក្ខ​ជនរងគ្រោះ ។​

​មេ​ប៉ូលិស​ក្រុង​រ៉ា​លី​ក លោកស្រី អេ​ស្តែល​ឡា ផាត់​ធឺ​សុន (Estella Patterson)​បាន​និយាយថា​ក្មេង​ជំទង់​នេះ​ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ជនរងគ្រោះ​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​​ប្រហារ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​។ រូបគេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ហើយ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បន្ទាប់ពី​ការចាប់ខ្លួន​ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​និយាយថា​រូបគេ​រងរបួស​ដោយរ​បៀ​ប​ណា​នោះទេ​។ លោកស្រី​ផាត់​ធឺ​សុន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប៉ូលិស​មិន​ទាន់​កំណត់​ចេតនា​នៃ​ការវាយប្រហារ​នេះ​ទេ​។​

​លោកស្រី​ផាត់​ធឺ​សុន​បាន​និយាយថា ជនរងគ្រោះ​មាន​ជាតិ​សាសន៍​ខុសៗ​គ្នា ហើយ​មាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ដល់ ៥០ ឆ្នាំ​ជ្រេ​។ សមាជិក​គ្រួសារ​និង​មិត្តភក្តិ​បាន​និយាយថា ជនរងគ្រោះ​មួយ​ចំនួន​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ពេល​កំពុង​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ធម្មតា ពោលគឺ​មន្ត្រីប៉ូលិស​ក្រៅ​កាតព្វកិច្ច​ម្នាក់​ត្រូវបាន​សម្លាប់​ពេល​កំពុង​ដើរ​ទៅ​ធ្វើការ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅលើ​រានហាល​របស់​នាង​ពេល​កំពុង​និយាយ​ជាមួយ​អ្នកជិតខាង ស្ត្រី​ម្នាក់​ទៀត​ស្លាប់​ពេល​កំពុង​បណ្តើរ​ឆ្កែ​របស់​នាង និង​ម្នាក់​ទៀត​ស្លាប់​ពេល​កំពុង​ហាត់ប្រាណ​។​

​អភិបាលរដ្ឋ​ន័រខា​រ៉ូ​លីណា លោក រ៉​យ ឃូ​ភើ (Roy Cooper)​បាន​ហៅ​ការបាញ់ប្រហារ​នេះ​ថា​ជា “​អំពើហិង្សា​ដោយ​កាំភ្លើង​ពោរពេញ​ដោយ​កំហឹង​និង​សោកនាដកម្ម​”​។ លោក​បាន​បន្ថែមថា “​គ្មាន​សង្កាត់​ណាមួយ គ្មាន​ឪពុកម្ដាយ​ណាមួយ គ្មាន​កូន​ណាមួយ គ្មាន​ជីដូន​ជីតា​ណាមួយ គ្មាន​នរណា​ម្នាក់​គួរ​មាន​អារម្មណ៍​ភ័យខ្លាច​បែបនេះ​ក្នុង​សហគមន៍​របស់​ពួកគេ​នោះ​ទេ ពោលគឺ​គ្មាន​នរណាម្នាក់​ត្រូវ​ភ័យ​បែប​នេះ​ឡើយ​”​។​

​អភិបាលក្រុង​រ៉ា​លី​ក លោកស្រី ម៉ា​រី​អាន បាល់​វីន (Mary-Ann Baldwin) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបាញ់​នេះ​បាន​ផ្ទុះឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​នៅក្នុង​តំបន់​លំនៅដ្ឋាន​មួយ​នៅ​ភាគ​ឦសាន​ទីក្រុង​រ៉ា​លី​ក​។ ប៉ូលិស​បាន​និយាយថា ពី​កន្លែង​នោះ ក្មេង​ជំទង់​ដៃដល់​បាន​រត់​ទៅ​ផ្លូវ​ដើរ​ក្បែរ​នោះ ហើយ​បន្ត​ការបាញ់ប្រហារ​។​

​លោកស្រី​ផាត់​ធឺ​សុន​បាន​និយាយថា ក្មេង​ជំទង់ ដែល​ប៉ូលិស​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ បាន​គេច​ពី​មន្ត្រី​ជាច្រើន​ម៉ោង ដោយ​នាំឱ្យ​មាន​ការតាមប្រមាញ់​នៅ​ទូ​ទាំង​កន្លែង​ឧក្រិដ្ឋកម្ម​ក្នុង​រង្វង់​៣​គីឡូម៉ែត្រ មុន​ពេល​រូបគេ​ត្រូវបាន​ព័ទ្ធ​ជាប់​នៅក្នុង​ផ្ទះ​មួយ ហើយ​ត្រូវបាន​ចាប់ខ្លួន​៕

​ប៉ូលិស​ចំណាយពេល​ជាច្រើន​ម៉ោង​ទម្រាំ​ចាប់​ជនដៃដល់​អាយុ​១៥​ឆ្នាំ​